
អាកាសធាតុដ៏ត្រជាក់ បានគ្របដណ្ដប់មួយភាគធំប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ ដែលក្នុងនោះ សីតុណ្ហភាពក្នុងព្រៃតំបន់ស៊ីបេរីកំពុងធ្លាក់ចុះរហូតដល់ដក៥៨អង្សាសេ។
តាមវីដេអូដែលថតពីយានដ្រូនបានបង្ហាញថា ក្រុងយ៉ាគុត(Yakutsk) ជាក្រុងមួយក្នុងចំណោមក្រុងជាច្រើន ដែលត្រជាក់ជាងគេបំផុតមាន ចម្ងាយជាង៥.០០០គីឡូម៉ែត្រភាគកើតក្រុងម៉ូស្គូ បានគ្របដណ្ដប់ទៅដោយពពក និងអ័ព្ទត្រជាក់ខ្លាំង។
បុរសម្នាក់ឈ្មោះ ដានីឡា(Danila)ដែលពុកចង្កា ពាក់មួក និងស្បៃរបស់លោកមានជាប់ទឹកកក បាននិយាយថា ពិសេសណាស់ ការដែលលោកមកក្រុងយ៉ាគុតនេះគឺដើម្បីទទួលយកបទពិសោធន៍ពីអាកាសធាតុនេះ ដូច្នេះលោកពិតជាមានសំណាងព្រោះនៅក្នុងខែធ្នូ ជាទូទៅអ្នកមិនបានទទួលសភាពបែបនេះទេ។
លោកបន្ដថា ជាពិសេសលោកមិនរងាទេ ដោយសារតែលោកបានត្រៀមលក្ខណៈបានត្រឹមត្រូវ ហើយប្រសិនបើលោកមិនមនាសម្លៀកបំពាក់បានត្រឹមត្រូវទេ លោកនឹងរងាញ័រជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំងបែបនេះជាមិនខាន។
លោកបន្ដថា សីតុណ្ហភាពត្រជាក់ខ្លាំងបានធ្វើអោយអាវធំរបស់លោករឹងជាមុន ខណៈដែលទូរស័ព្ទរបស់លោកមិនអាចសាកថ្មបានតែប៉ុន្មាននាទី។ ហើយស្រោមដៃក៏សំខាន់ដូចក្នានឹងសម្លៀកបំពាក់ពីក្រៅដែរ។
ក្នុងក្រុងអយមីយ៉ាកូន (Oymyakon) តំបន់តាំងលំនៅឋានមួយក្នុងសាធារណរដ្ឋ សាខា (Sakha) មានសីតុណ្ហភាពដក៥៨អង្សាសេ នៅថ្ងៃអង្គារនេះ ។ អ្នកព្យាករណ៍អាកាសធាតុបាននិយាយថា វាហាក់បីដូចជា ដក៦៣អង្សា ដែលធ្វើឲ្យមានសំណើមនិងខ្យល់ទៀតផង។
អ្នកស្រុកម្នាក់ឈ្មោះ ពីយុត(Pyotr)បាននិយាយថា វាពិតជាត្រជាក់ខ្លាំង អ្នកចាំបាច់ត្រូវតែមានសម្លៀកបំពាក់ដែលមានគុណភាព ហើយពេលនោះអ្វីៗវានឹងមិនមានបញ្ហា។ ហើយរឿងដែលសំខាន់ គឺត្រូវធ្វើចលនាជានិច្ច ដូច្នេះឈាមរបស់អ្នកក៏មានដំណើការល្អដែរ៕