ភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់បង់យានយន្ត សូមទៅពិនិត្យស្លាកលេខនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
លោក នៅ ទិត្យ នាយផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៥ខែមិថុនានេះថា ជនសង្ស័យ ២នាក់ ទី១ . ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២ . ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ រួមទាំង វត្ថុតាងចាប់យក ៖ ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោកម៉ូតូ ចំនួន ០២, សោខ្សៀលេខ៨ ចំនួន ០២, ប័ណ្ណសម្គាល់យានយន្ត ចំនួន ០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលាចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ផ្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, លេខ ភ្នំពេញ 1IO-1256 ចំនួន០១), វិទ្យុទាក់ ចំនួន ០១គ្រឿង, ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HL-0625 , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោដោះម៉ូតូមួយចំនួន ត្រូវបាននគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ក្រាបជាក់ស្តែង ករណីប៉ុនប៉ងលួច (ប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោកម៉ូតូ) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី ត្រង់ចំណុចខាងមុខក្រុមហ៊ុន ក្រឡុង ស៊ីម៉ង់ត៍ ផ្លូវ ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ច ប្រាប់បន្តថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវចូល ក្រុមហ៊ុន ក្រឡុងស៊ីម៉ង់ត៍ ផ្លូវបេតុង ៥០ម៉ែត្រ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ ០២នាក់ ទី ១ . ឈ្មោះ អាន ផ្លូច ភេទប្រុស អាយុ៣៣ឆ្នាំ និង ទី ២. ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ កំពុងជិះម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ 1HL-0625 ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឱ្យឈប់ធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន រួមមាន ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូ ចំនួន ២, សោរខ្សៀលេខ៨ ចំនួន ២ លាក់នៅក្រោមកែបម៉ូតូ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាក សួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
ប្រភពព័ត៌មាន ដដែលបានបន្ដថា បន្ទាប់មកសមត្ថកិច្ចបាននាំជនសង្ស័យឈ្មោះ អាន ផ្លូច ទៅឆែកបន្ទប់ជួលរបស់គេ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត រួមមាន ៖ ប័ណ្ណសម្គាល់យានយន្ត ចំនួន ០៣សន្លឹក (ឈ្មោះ ជុំ រតនា ចំនួន ០១សន្លឹក, ឈ្មោះ វី សីលា ចំនួន ០១សន្លឹក, ឈ្មោះ ឯម បុល ចំនួន ០១សន្លឹក) , ស្លាកលេខម៉ូតូ ចំនួន ០៣ (លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, និង លេខ ភ្នំពេញ 1IO-1256 ចំនួន ០១) , វិទ្យុទាក់ទង ម៉ាក Motorola GP300 ចំនួន ០១គ្រឿង , សម្ភារៈប្រើប្រាស់គ្រឿងញៀន និងសោដោះម៉ូតូមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងឃាត់ និង រក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
អត្ថបទ ៖ តារាវុទ្ធី



