
ក្រុមនគរបាលនិយាយនៅថ្ងៃអង្គារនេះថា យុវជនយ៉ាងហោច ១៣នាក់ ត្រូវបានសម្លាប់អំឡុងការផ្ទុះអាវុធរវាងជីវពលមិនស្គាល់ ២ក្រុមនៅរដ្ឋ Manipur ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ រយៈពេល ៧ខែក្រោយការប៉ះទង្គិចគ្នារបស់ក្រុមកុលសម្ព័ន្ធនៅរដ្ឋព្រំដែនមួយនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោច ១៨០នាក់ ហើយសាកសពរបស់ពួកគេ ត្រូវបាននាំមកកាន់សាលតម្កល់សពរួចហើយ ។
សាកសពរបស់ពួកគេដែលមានរបួសដោយសារគ្រាប់កាំភ្លើង ត្រូវបានរកឃើញនៅក្នុងភូមិមួយកន្លែង ស្ថិតនៅក្នុងស្រុក Tengnoupal ជាកន្លែងដែលក្រុមមន្រ្តីនិយាយថា មានហេតុការណ៍ផ្ទុះអាវុធកើតឡើង ។
មន្រ្តីនគរបាលជាន់ខ្ពស់មួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមទូរស័ព្ទថា គ្មានអាវុធណាមួយត្រូវបានរកឃើញនៅជិតសាកសពយុវជនទាំង ១៣នាក់នោះឡើយ ។
គួរឲ្យដឹងថា រដ្ឋ Manipur បានមើលឃើញអំពើហិង្សាជាបន្តបន្ទាប់ ចាប់តាំងពីការប៉ះទង្គិចកុលសម្ព័ន្ធបានផ្ទុះឡើងកាលពីថ្ងៃទី ៣ ខែឧសភា រវាងសមាជិកកុលសម្ព័ន្ធភាគតិច Meitei និងកុលសម្ព័ន្ធ Kuki ពាក់ព័ន្ធនឹងការចែករំលែកអត្ថប្រយោជន៍របស់រដ្ឋាភិបាល ៕