អ្នកនាំពាក្យរដ្ឋភិបាលប្រទេសកេនយ៉ា លោក អ៊ីសាកវ៉ូរ៉ា (Isaac Mwaura) បាននិយាយកាលពីថ្ងៃអង្គារថា យោងតាមមន្ត្រីរដ្ឋាភិបាល ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុកនៅក្នុងប្រទេសកេនយ៉ាបានកើនឡើងដល់១៦០នាក់ ខណៈមនុស្សចំនួន៥២៩.១២០នាក់ បានជម្លៀសចេញពីលំនៅឋានប្រមាណ១០៥.៨២៤ខ្នង ។
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទនៅរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ាថា ទឹកជំនន់ដ៏មហន្តរាយដែលបង្កឡើងដោយភ្លៀង នៃបាតុភូត អេលនីញ៉ូ (El Nino) ដ៏សកម្មខុសពីធម្មតា បានវាយប្រហារផ្នែកជាច្រើននៃប្រទេសអាហ្វ្រិកខាងកើតមួយនេះ។
លោកក៏បាននិយាយផងដែរថា ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយព្យុះ ត្រូវបានគេរំពឹងថានឹងអមដោយភ្លៀងធ្លាក់ខ្លាំងពេញមួយសប្តាហ៍នេះ រហូតដល់ថ្ងៃទី ១១ ខែធ្នូ នៅទូទាំងប្រទេស។ លោកបានកត់សម្គាល់ថា ទឹកជំនន់ជាបន្តបន្ទាប់បានបង្កឱ្យមានជំងឺអាសន្នរោគ និងជំងឺឆ្លងតាមទឹក ខណៈដែលក្រុមអាជ្ញាធរសុខាភិបាលបានបញ្ជាក់ពីករណីជំងឺអាសន្នរោគចំនួន ១០៣ ករណីនៅក្នុងស្រុកឡាមូ (Lamu)នៅស្ថិតនៅតាមតំបន់ឆ្នេរសមុទ្រកេនយ៉ា ដែលបណ្តាលឱ្យមានអ្នកស្លាប់ពីរនាក់រួចមកហើយ។
លោកបានបន្ថែមថាលើសពីនេះក្រសួងកសិកម្មគ្រោងចែកចាយវ៉ាក់សាំងប្លូថាំង(Bluetongue)ចំនួន ៤៥០.០០០ ដូស និងវ៉ាក់សាំងគ្រុនក្តៅ Rift Valley ចំនួន ១,៤ លានដូស សម្រាប់សត្វគោ ដើម្បីបង្កើនការចាក់ថ្នាំបង្ការនៅតំបន់ដែលរងផលប៉ះពាល់។
របាយការណ៍របស់រដ្ឋាភិបាល និងភ្នាក់ងារមនុស្សធម៌បាននិយាយថា លំនៅឋានរាប់ពាន់ខ្នងត្រូវបានហូរគួចតាមទឹក ឬលិចលង់ ដីស្រែចំការបានលិចទឹក និងសត្វពាហនៈបានលង់ទឹកងាប់៕

