ប្រធានជំនួយរបស់សហរដ្ឋអាមេរិក លោកស្រី សាមែនថា ផៅវើ (Samantha Power) បានទៅដល់ឧបទ្វីបស៊ីណៃ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ជាទីដែលលោកស្រីបានប្រកាសផ្តល់ជំនួយបន្ថែមចំនួនជាង ២១លានដុល្លារសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលរងផលប៉ះពាល់ដោយជម្លោះរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាស។

យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា អ្នកគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក USAID រូបនេះបានទៅដល់ទីក្រុង អាល់ អារីស (Al Arish) ជាមួយនឹងការផ្តល់ជំនួយស្បៀងអាហារចំនួន ៣៦.០០០ផោន និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដែលដឹកតាមយន្តហោះដោយក្រសួងការពារជាតិពីប្រទេសហ្ស៊កដានី ហើយមានបំណងទៅកាន់តំបន់ហ្កាហ្សា។

ជំនួយបន្ថែមដែលលោកស្រី ផៅវើ បានប្រកាសកាលពីថ្ងៃអង្គារ នឹងគាំទ្រដល់ការផ្តល់អនាម័យ និងការផ្គត់ផ្គង់កន្លែងស្នាក់នៅ ស្បៀងអាហារ និងជំនួយផ្សេងទៀតសម្រាប់អ្នកស្រុកហ្កាហ្សា និងតំបន់វេសបែង ដែលរងផលប៉ះពាល់ដោយជម្លោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ។

មូលនិធិនេះក៏នឹងគាំទ្រដល់ការថែទាំផ្លូវចិត្ត និងសេវាសុខភាពសំខាន់ៗ រួមជាមួយនឹងការបង្កើតមន្ទីរពេទ្យវាលដែលដំណើរការដោយអង្គការក្រៅរដ្ឋាភិបាលនៅហ្កាហ្សា ដែលនឹងផ្តល់ការថែទាំអ្នកជំងឺ។ មន្ទីរពេទ្យនៅហ្កាហ្សា នៅសល់តែមួយចំនួនប៉ុណ្ណោះដែលនៅតែដំណើរការដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ ហើយមន្ទីរពេទ្យទាំងនោះកំពុងជួបការលំបាកកាន់តែខ្លាំងឡើងដោយរលកថ្មីនៃអ្នករបួស៕
