ប្រធានបុគ្គលិករបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថាការពន្យារពេលជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងគីវ ដែលកំពុងត្រូវបានពិភាក្សានៅក្នុងសភានឹងបង្កើត «ហានិភ័យដ៏ធំធេង» សម្រាប់អ៊ុយក្រែនក្នុងការចាញ់សង្គ្រាមជាមួយរុស្ស៊ី។

ការលើកឡើងរបស់ លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) គឺមានភាពស្មោះត្រង់បំផុតពីមន្ត្រីជាន់ខ្ពស់របស់ទីក្រុងគីវ ខណៈដែលភាពមិនប្រាកដប្រជាបានវិលជុំវិញអនាគតនៃកញ្ចប់ជំនួយសំខាន់ៗរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅពេលសង្រ្គាមអ៊ុយក្រែនជាមួយរុស្ស៊ីបានផ្ទុះឡើង។
លោក យើម៉ាក បានថ្លែងទៅកាន់ទស្សនិកជនជាភាសាអង់គ្លេសថា៖ ប្រសិនបើជំនួយត្រូវបានពន្យារពេល «វាផ្តល់ហានិភ័យយ៉ាងខ្លាំងដែលយើងមិនអាចបន្តសម្រុកទៅមុខបានទៀតទេ ហើយនឹងស្ថិតនៅចំណុចដដែលដូចពេលនេះ»។

កាលពីថ្ងៃច័ន្ទ ក្រុមមន្ត្រីសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកកំពុងអស់ពេលវេលា និងអស់ថវិកាដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធនឹងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។
រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានស្នើសុំសភាកាលពីខែតុលា សម្រាប់ថវិកាជិត ១០៦ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆិតា សម្រាប់សន្តិសុខព្រំដែនអ៊ុយក្រែន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែសមាជិកបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន បានបដិសេធកញ្ចប់ថវិកានេះ៕
