ដោយប្រឈមមុខនឹងកំណើនចំនួនអ្នកស្លាប់ដ៏ច្រើនពីការវាយលុកជាថ្មីរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាភាគខាងត្បូង រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងព្យាយាមដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ឲ្យកាត់បន្ថយការស្លាប់របស់ជនស៊ីវិល ខណៈបញ្ឈប់នូវវិធានការមួយចំនួនដែលអាចបង្ខំឱ្យប្រទេសនេះធ្វើតាម ដូចជាការគំរាមកំហែងដាក់កម្រិតជំនួយផ្នែកយោធាជាដើម។

ក្រុមមន្ត្រីជាប់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) និងរដ្ឋមន្ត្រីការបរទេស លោក អាន់តូនី ប្លីនខិន (Antony Blinken) បានជំរុញអ៊ីស្រាអែលជាសាធារណៈឱ្យធ្វើការវាយលុកផ្នែកដោយប្រុងប្រយ័ត្នបន្ថែមទៀតនៅភាគខាងត្បូង ដើម្បីជៀសវាងការស្លាប់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរដូចទៅនឹងការវាយប្រហាររបស់ខ្លួននៅភាគខាងជើង។

យោងតាមក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា មនុស្សប្រហែល ៩០០នាក់ នៅហ្កាហ្សា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅចន្លោះថ្ងៃសុក្រ នៅពេលដែលបទឈប់បាញ់បានបញ្ចប់ និងនៅថ្ងៃច័ន្ទ ដែលជាចំនួនអ្នកស្លាប់ប្រហែលគ្នាក្នុងការវាយប្រហាររយៈពេល ៤ថ្ងៃនៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយឆ្មក់ឆ្លងព្រំដែនរបស់ពួកហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

យោងតាមមន្ត្រីអាមេរិកពីររូបបានឲ្យដឹងថា នៅពេលនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងច្រានចោលការដកហូតការដឹកជញ្ជូនអាវុធ ឬរិះគន់អ៊ីស្រាអែលយ៉ាងចាស់ដៃ ថាជាមធ្យោបាយនៃការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ពីព្រោះសហរដ្ឋអាមេរិក ជឿថាយុទ្ធសាស្ត្រដែលមានស្រាប់នៃការចរចាជាលក្ខណៈឯកជន គឺមានប្រសិទ្ធភាពជាងការគំរាមទាំងនោះ៕