មន្ត្រីទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃអង្គារទី ៥ ខែធ្នូថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២២ នាក់ បន្ទាប់ពីសាកសពចំនួន ៩ នាក់ទៀតត្រូវបានរកឃើញ។
ភ្នំភ្លើងម៉ារ៉ាពី(Marapi)នៅលើកោះស៊ូម៉ាត្រា បានព្រួសកម្អែលភ្នំភ្លើង កម្ពស់ ៣.០០០ ម៉ែត្រ ដែលខ្ពស់ជាងកម្ពស់របស់ភ្នំភ្លើងនេះទៅទៀត ឡើងលើអាកាសកាលពីថ្ងៃទី ៣ ខែធ្នូ។

ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការជាច្រើនថ្ងៃដើម្បីស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួនទី១០ កាលពីថ្ងៃទី ៥ខែធ្នូ មុនពេលការប្រកាសរបស់ភ្នាក់ងារសង្គ្រោះក្នុងតំបន់ដែលភាគច្រើនត្រូវបានរកឃើញ ដែលនាំឱ្យការស្វែងរករយៈពេលជាច្រើនថ្ងៃកាន់តែខិតជិតដល់ទីបញ្ចប់។

លោកអាប់ឌុល ម៉ាលីគ(Abdul Malik)ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះផាដាង(Padang) បានប្រាប់ សារព័ត៌មាន AFP ថា ជនរងគ្រោះ៩នាក់ក្នុងចំណោម១០នាក់ដែលបាត់ខ្លួនត្រូវបានប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃអង្គារ ហើយសាកសពទាំងនោះ ត្រូវបាននាំចុះពីភ្នំ។

មន្ត្រីសង្គ្រោះបាននិយាយថា អ្នកស្លាប់ត្រូវបានគេបញ្ជូនចុះពីភ្នំក្នុងថង់សាកសពក្នុងរយៈពេលជាច្រើនថ្ងៃ។
រូបភាពដែលចែករំលែកដោយទីភ្នាក់ងារសង្គ្រោះបាសាណាស(Basarnas)បានបង្ហាញក្រុមជួយសង្គ្រោះ ៦នាក់ពាក់អាវពណ៌ទឹកក្រូច និងមួករឹង សែងសាកសពចុះពីលើភ្នំភ្លើងកាលពីថ្ងៃទី ៥ ខែធ្នូ។
មានអ្នកឡើងភ្នំមួយចំនួនក្នុងចំណោម ៧៥នាក់នៅលើភ្នំនេះ អំឡុងពេលផ្ទុះ ត្រូវបានគេរកឃើញនៅមានជីវិត និងត្រូវបាននាំចុះពីភ្នំ ដោយមានសភាពរលាក និងបាក់ឆ្អឹងជាច្រើនកន្លែង៕