ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ ថាសនីម (Tasnim) បានរាយការណ៍កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក អាមឺ សាអ៊ីត អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) បាននិយាយថា ប្រទេសរបស់លោកមិនបានជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឬការវាយប្រហារណាមួយប្រឆាំងនឹងកងកម្លាំងយោធាសហរដ្ឋអាមេរិកនោះទេ។

សហរដ្ឋអាមេរិកបានស្តីបន្ទោសក្រុមឧទ្ទាម ហ៊ូធី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់យេម៉ែន ចំពោះការវាយប្រហារជាបន្តបន្ទាប់នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មក។ កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ក៏បាននិងកំពុងធ្វើការវាយប្រហារសំដៅលើកងកម្លាំងអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក ជែក ស៊ុលលីវ៉ាន (Jake Sullivan) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មាន «ហេតុផលគ្រប់យ៉ាងក្នុងការជឿថា ការវាយប្រហារទាំងនេះ ត្រូវបានបើកដំណើរការយ៉ាងពេញលេញដោយអ៊ីរ៉ង់ ខណៈដែលការវាយប្រហារត្រូវបានធ្វើឡើងដោយក្រុម ហ៊ូធី ក្នុងប្រទេសយេម៉ែន»។

ក្នុងសប្តាហ៍នេះ នាវាពាណិជ្ជកម្មអាមេរិកចំនួន ៣គ្រឿងបានរងការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិនៅសមុទ្រក្រហមភាគខាងត្បូង។ ក្រុមហ៊ូធី បានទទួលស្គាល់ការបាញ់បង្ហោះយានដ្រូន និងការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងអ្វីដែលពួកគេបាននិយាយថា ជានាវាអ៊ីស្រាអែលពីរគ្រឿងនៅក្នុងតំបន់នោះ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) ក៏បានច្រានចោលផងដែរ ថាជាការលើកឡើង «គ្មានមូលដ្ឋាន និងគ្មានការស្ថាបនា» ដោយរដ្ឋាភិបាលអង់គ្លេស ដែលបាននិយាយថា អ៊ីរ៉ង់ទទួលខុសត្រូវចំពោះការវាយប្រហារណាមួយពីក្រុមសកម្មប្រយុទ្ធ ដែលខ្លួនគាំទ្រ៕