រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីនលោកស្រីមៃអាល់កៃឡា( Mai al-Kaila) បាននិយាយថា នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ជាកន្លែងដែលអំពើហិង្សាបានកើនឡើងចាប់តាំងពីសង្រ្គាម នៅតំបន់ហ្កាហ្សាបានផ្ទុះឡើង មក ប្រជាជនប៉ាឡេស្ទីន ចំនួន២៦០ នាក់បានស្លាប់ និង និង ៣.២០០នាក់រងរបួស ចាប់តាំងពីក្រុមហាម៉ាសសម្រុកចូលវាយប្រហារក្នុងដីអ៊ីស្រាអែលថ្ងៃទី ៧ ខែតុលាមក។

យោងតាមលោកស្រី មៃអាល់កៃឡា( Mai al-Kaila) កាលពីថ្ងៃអង្គារ ទី៥ ធ្នូ ពលរដ្ឋប៉ាឡេស្ទីនជាង១៥.៩០០នាក់ បានស្លាប់នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការផ្ទុះសង្រ្គាមកាលពីថ្ងៃទី ៧ ខែតុលា មក។
លោកស្រីបាននិយាយថា មនុស្សជាង ៤០.៩០០ នាក់នៅតំបន់ហ្កាហ្សាបានរងរបួសដោយសារតែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

អ្នកនាំពាក្យមួយរូបរបស់អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារ កងកម្លាំងយោធាកំពុងពង្រីកយុទ្ធនាការថ្មើរជើងរបស់ខ្លួនទូទាំងតំបន់ហ្កាហ្សាភាគខាងត្បូង ដោយបន្ថែមថា រដ្ឋាភិបាលបានបើកចំហចំពោះមតិស្ថាបនា លើការកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល ដរាបណាការណែនាំនេះស្របនឹងគោលបំណងរបស់ខ្លួនក្នុងការកម្ទេចក្រុមហាម៉ាសដែលកំពុងគ្រប់គ្រងតំបន់ហ្កាហ្សា។

លោកស្រី បានសំដៅទៅលើស្ថានភាពកាន់តែយ៉ាប់យ៉ឺននៃសេវាសុខភាពនៅក្នុងតំបន់ហ្កាហ្សា ដែលជាការអត្ថាធិប្បាយស្រដៀងទៅនឹងការលើកឡើងរបស់មន្ត្រីអង្គការសុខភាពពិភពលោកមួយរូប នៅក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ កាលពីព្រឹកថ្ងៃអង្គារដដែលនោះ៕