កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយកាលពីថ្ងៃអង្គារ (០៥ ធ្នូ) ថា ខ្លួនបានផ្អាកការចែកចាយស្បៀងអាហារទូទៅនៅភាគខាងជើងប្រទេសយេម៉ែន ដោយសារការផ្តល់មូលនិធិមានកម្រិត និងការមិនយល់ស្របជាមួយក្រុមអាជ្ញាធរមូលដ្ឋានអំពីមធ្យោបាយផ្តោតលើអ្នកក្រីក្របំផុតនៅទីនោះ។

តំបន់សាណា (Sanaa) និងភាគខាងជើងយេម៉ែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី (Houthi) សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ដែលបានធ្វើសង្រ្គាមតាំងពីឆ្នាំ២០១៤ ជាមួយរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត មានមូលដ្ឋាននៅទីក្រុងកំពង់ផែ អេឌែន (Aden) ភាគខាងត្បូង។

ការប្រយុទ្ធគ្នាបានធូរស្រាលក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយបានបន្ធូរបន្ថយនូវអ្វីដែលអង្គការសហប្រជាជាតិបានពិពណ៌នាថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក។ ទោះយ៉ាងណាក៏ដោយ មនុស្សរាប់លាននាក់ក្នុងប្រទេសនេះនៅតែពឹងផ្អែកលើជំនួយមនុស្សធម៌ដោយផ្ទាល់។

ទីភ្នាក់ងារ WFP បាននិយាយថាការសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយម្ចាស់ជំនួយ ហើយកើតឡើងបន្ទាប់ពីការចរចាររយៈពេលមួយឆ្នាំ ហើយមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានឈានដល់ដើម្បីកាត់បន្ថយចំនួនមនុស្សត្រូវទទួលបានជំនួយមកនៅត្រឹម ៦,៥លាននាក់ពីតួលេខ ៩,៥លាននាក់នោះទេ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្តុកស្បៀងអាហារនៅក្នុងតំបន់នានាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី ស្ទើរតែអស់ទៅហើយ ហើយការបន្តជំនួយស្បៀងអាហារឡើងវិញអាចចំណាយពេលរហូតដល់ ៤ខែដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់៕