គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានរៀបចំសិក្ខាសាលពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកលតាមកាលកំណត់ UPR ដើម្បីឲ្យភាគីទាំងអស់ផ្តល់មតិ និងធាតុចូលមុនបញ្ជូនទៅអង្គការសហប្រជាជាតិ។
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦ ខែធ្នូនេះបានអញ្ជើញជាអធិបតីសិក្ខាសាលពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់ការពិនិត្យជាសកល តាមកាលកំណត់ UPR ជុំទី៤ ដោយមានចូលរួមពីបណ្តាក្រសួង/ស្ថាប័នរដ្ឋ អង្គការដៃគូ និងអង្គការសង្គមស៊ីវិលជាច្រើននាក់។

ក្នុងសិក្ខាសាលានេះឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណងផ្តល់ជាវេទិកាមួយសម្រាប់ឱ្យភាគីទាំងអស់ ក្នុងការផ្តល់មតិយោបល់ ឬធាតុចូលផ្សេងៗទៅ លើសេចក្តីព្រាងរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា និងដើម្បីឱ្យមានអនុលោមភាពជាមួយនឹងសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ។

ឯកឧត្តមបញ្ជាក់ថា ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ គឺជាយន្តការសិទ្ធិមនុស្សតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ ប្រទេស និងធ្វើឡើងរៀងរាល់ ចន្លោះពី៤ឆ្នាំកន្លះទៅ៥ឆ្នាំម្ដង។ យន្តការនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិ មនុស្សនៅក្នុងប្រទេសទាំងអស់ តាមរយៈការចែករំលែកឧត្តមានុវត្ត និងការផ្តល់ជំនួយបច្ចេកទេសរវាងរដ្ឋនានា និងដៃគូផ្សេងៗទៀត ហើយក៏ដើម្បីធានាថាស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសទាំងអស់ត្រូវបានលើកយកមកជជែកពិភាក្សានៅចំពោះមុខរដ្ឋដទៃទៀតដោយស្មើៗគ្នា។

សូមជម្រាបថា របាយការណ៍ UPR ជុំទី៤នេះ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី ៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤៕ អត្ថបទ សេក ឧត្តម

