រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ ២០២៤ ខាងមុខនឹងចាប់ផ្ដើមការបើកសាច់ប្រាក់ ជូនពលរដ្ឋគោលដៅដែលនឹងទទួលផលពីកម្មវិធី «កញ្ចប់គ្រួសារ» ខណៈតាមការប៉ាន់ប្រមាណក្នុងឆ្នាំដំបូងនេះ រាជរដ្ឋាភិបាលនឹងចំណាយប្រមាណ ១៦៥ លានដុល្លារ លើការអនុវត្តកម្មវិធី «កញ្ចប់គ្រួសារ»នេះ។ នេះបើតាមឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តកម្មវិធី «កញ្ចប់គ្រួសារ» ពីខែមេសា ឆ្នាំ ២០២៤។ កម្មវិធីនេះជាកម្មវិធីទម្រដែលនៅតែផ្តោតសំខាន់ជួយដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ហើយត្រូវអនុវត្តជំនួសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលរដ្ឋាភិបាលដាក់អនុវត្តតាំងពីខែ មិថុនា ឆ្នាំ ២០២០មកម្លេះ។ កម្មវិធី«កញ្ចប់គ្រួសារ» ជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ ខណៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រកំឡុងពេលវិបត្តកូវីដ-១៩ គឺជាកម្មវិធី បណ្ដោះអាសន្នតែប៉ុណ្ណោះ។

ឯកឧត្តម ស៊ឹម សុធន លើកឡើងថា ការអនុវត្តកម្មវិធីក្នុងឆ្នាំ ២០២៤ ជាឆ្នាំដំបូងដែលចាប់ផ្ដើមបើកថវិកាចាប់ពីខែ មេសា ឆ្នាំក្រោយនោះ គឺរាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ ១៦៥ លានដុល្លារ សម្រាប់ក្រុមគោលដៅជា ជនមានពិការភាព មនុស្សវ័យចាស់ចាប់ពី ៦០ឆ្នាំឡើងទៅ ក៏ដូចជាសិស្សសិក្សាពីថ្នាក់បឋមដល់ថ្នាក់មធ្យមមានការបើកសាច់ប្រាក់ប្រចាំខែ។ រីឯស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ទទួលបានថវិកាដោយគោរពតាមលក្ខណ្ឌ នៅពេលទទួលសេវានៅមន្ទីរពេទ្យរដ្ឋ ក្នុងពេលមុនសម្រាល ពេលសម្រាល និងក្រោយពេលសម្រាល។ រីឯចំនួនថវិកា ក៏មានភាពផ្សេងគ្នា ទៅតាមក្រុមគោលដៅផងដែរ។
សូមបញ្ជាក់ថា កម្មវិធី «កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺកម្មវិធីអាហារូបករណ៍សិស្សក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០ឡើងទៅ៕ អត្ថបទ៖ គឹមហុក



