បណ្ណាល័យជាតិកម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ។
នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធការគ្រោងរៀបចំពិព័រណ៍សៀវភៅកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូនេះ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ការរៀបចំកម្មពិព័រណ៌នេះក្នុងគោលបំណងសំខាន់លើកស្ទួយដល់ការអាន និងការសរសេរ ព្រមទាំងលើកស្ទួយឧស្សាហ៍កម្មសៀវភៅដោយធ្វើយ៉ាងណាឱ្យអ្នកសរសេរ រោងបោះពុម្ពសៀវភៅ អាចមានឱកាសធ្វើអាជីវកម្មលក់សៀវភៅផងដែរ។
លោក ហុក សិទ្ធិ ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូរកម្ពុជា និងនាយកអង្គការស៊ីប៉ា ថ្លែងថា ពិព័រណ៍សៀវភៅនេះ មានស្តង់ចំនួនប្រមាណជិត ៣០០ស្តង់ ដែលមានការចូលរួមពីគ្រឹះស្ថានបោះពុម្ពផ្សាយ និងអ្នកនិពន្ធល្បីៗជាច្រើនរហូតដល់ ១៥២ស្ថាប័ន។
លោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិកម្ពុជា បានឲ្យដឹងថា សម្រាប់សៀវភៅដែលនឹងត្រូវដាក់តាំងបង្ហាញលក់ មានចំនួនប្រមាណ ១សែនក្បាល លើប្រភេទខុសៗគ្នា មានដូចជា សៀវភៅបែបប្រលោមលោក សៀវភៅទស្សនវិជ្ជានិងចិត្តវិទ្យា សៀវភៅសម្រាប់កុមារ សៀវភៅប្រវត្តិវិទ្យា និងភូមិវិទ្យា សៀវភៅទាក់ទងនឹងសាសនានិងសិល្បៈជាដើម រួមមានទាំងភាសាខ្មែរ និងភាសាបរទេស។ លោកស្រីរំពឹងទៀតថា នៅឆ្នាំនេះ ពិព័រណ៍សៀវភៅនឹងអាចទាក់ទាញអ្នកចូលរួមទស្សនាប្រហែល ១៨ម៉ឺននាក់។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ក្រៅពីការដាក់តាំងបង្ហាញលក់សៀវភៅនានា ក៏នឹងមានរៀបចំសកម្មភាពលេងល្បែងកំសាន្តជាមួយនឹងអ្នកចូលរួមដើម្បីឈ្នះរង្វាន់ផ្សេងៗ ការប្រគំតន្ត្រី ដែលចូលរួមសម្តែងដោយតារាចម្រៀងល្បីៗជាដើមផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី







