ភ្នំពេញ ៖ ក្រុមវិនិយោគិនចិន បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើការដាំដុះរុក្ខជាតិមួយចំនួនសម្រាប់យកទៅផលិតជាឱសថបុរាណ ក៏ដូចជាការនាំចេញសត្វមួយចំនួនដែលអាចផលិតជាឱសថ សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីន ប្រទេសចិន នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានបញ្ជាក់ជូនភ្ញៀវថា ចំពោះបំណងដាំរុក្ខជាតិសម្រាប់យកទៅផលិតជាឱសថបុរាណ ក្រសួងមិនជំទាស់ទេ។ ប៉ុន្តែប្រសិនបើរុក្ខជាតិនោះ មានផ្ទុកនូវសារធាតុញៀន ឬអាចយកទៅធ្វើជាធាតុផ្សំសម្រាប់ផលិតសារធាតុញៀន ក្រសួងមិនអនុញ្ញាតឱ្យដាំដុះឡើយ។
ដោយឡែក ទាក់ទិនការដាំដុះរុក្ខជាតិសម្រាប់ផលិតឱសថ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងបន្តថា កម្ពុជាមិនមានគោលនយោបាយផ្តល់ដីសម្បទានសម្រាប់វិនិយោគទេ។ ដូច្នេះ អ្នកវិនិយោគអាចពិនិត្យលទ្ធភាពស្វែងរកទិញដីដោយខ្លួនឯង ឬជួលដីពីក្រុមហ៊ុនដែលទទួលបានដីសម្បទានពីមុន ឬក៏អាចធ្វើកិច្ចសន្យា (Contract Farming) ជាមួយកសិករ ហើយប្រមូលទិញពីពួកគាត់វិញ ក្នុងតម្លៃដែលអាចទទួលយកបានទាំងសងខាង។
ចំណែក សត្វមួយចំនួនដែលអ្នកវិនិយោគចិន មានបំណងចង់នាំចេញសម្រាប់យកទៅផលិតជាឱសថ ឯកឧត្តមរដ្ឋមន្ដ្រី ពន្យល់ថា ការនាំចេញត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ ទាំងផ្នែកច្បាប់ និងបញ្ហាសុខភាព ខណៈសត្វមួយចំនួននៅកម្ពុជា គឺជា សត្វកម្រ និងស្ថិតនៅក្នុងឧបសម្ព័ន្ធ នៃអនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ ហៅកាត់ថា សាយតេស៕
អត្ថបទ ៖ ឈិត បូរ៉ាវី



