
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ហ្វាំងឡង់ Iltalehti ចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូថា ប្រទេសហ្វាំងឡង់ គ្រោងនឹងបង្កើនការផលិតគ្រាប់កាំភ្លើងធំរបស់ខ្លួន នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន។
ការប្រកាសនេះ ធ្វើឡើង ចំពេលមានការព្រួយបារម្ភថា សហភាពអឺរ៉ុប នឹងបរាជ័យលើការសន្យារបស់ខ្លួនក្នុងការផ្គត់ផ្គង់ដល់អ៊ុយក្រែននូវគ្រាប់ផ្លោងចំនួន មួយលានគ្រាប់ ត្រឹមខែមីនា ឆ្នាំ ២០២៤ ខណៈដែល រុស្ស៊ី កំពុងបង្កើនថវិកាការពារជាតិរបស់ខ្លួន។
រដ្ឋមន្ត្រីរូបនេះ បាននិយាយថា៖«យើងបានបញ្ចប់ការចរចាអំពីរបៀបដែលហ្វាំងឡង់ នឹងបន្តបង្កើនការ ផលិតគ្រាប់រំសេវរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់អ៊ុយក្រែន» ដោយបន្ថែមថា ការសម្រេចចិត្តចុងក្រោយទំនងជានឹងត្រូវបានធ្វើឡើង មុនបុណ្យណូអែល។
លោក Hakkanen បានអត្ថាធិប្បាយថា៖ «ផែនការជំរុញយ៉ាងខ្លាំងនូវការផលិតគ្រាប់រំសេវទាំងនេះ បច្ចុប្បន្នកំពុងត្រូវបានគេផ្សព្វផ្សាយ។ គោលដៅ គឺដើម្បីផ្តល់ដល់ប្រទេសអ៊ុយក្រែនឲ្យបានច្រើនជាងមុន»។