
ព្យុះស៊ីក្លូន មីឆ័ង (Michaung) បានបោកបក់ចូលទៅក្នុងឆ្នេរសមុទ្រភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ជាមួយនឹងខ្យល់កន្រ្តាក់ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងទឹកជំនន់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧នាក់ ខណៈក្រុមមន្ត្រីបានវាយតម្លៃការខូចខាត។
ក្រុមអាជ្ញាធរបាននិយាយថា ទឹករលកធំៗបានបោកបក់ចូលទីប្រជុំជនឆ្នេរសមុទ្រភាគខាងត្បូងក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈព្យុះស៊ីក្លូននេះមកដល់ ដែលបណ្ដាលឲ្យជន់លិចលើភូមិនានាទាំងមូល និងបញ្ឈប់ការដឹកជញ្ជូនទាំងអស់ ដោយមនុស្សជាង ៣៩ម៉ឺននាក់ រងផលប៉ះពាល់ពីព្យុះនេះ។
ការិយាល័យអាកាសធាតុឥណ្ឌាបាននិយាយថា ព្យុះ មីឆ័ង បានបោកបក់ដល់ដីនៅជិតទីក្រុងឆ្នេរ បាប៉ាត់ឡា (Bapatla) ក្នុងរដ្ឋ អាន់ដ្រា ប្រាដេស (Andhra Pradesh) ជាមួយនឹងខ្យល់បក់ក្នុងល្បឿនរហូតដល់ ១១២គីឡូម៉ែត្រក្នុងមួយម៉ោង ដែលក្រោយមកបានធ្លាក់ចុះបន្តិច នៅពេលព្យុះស៊ីក្លូនប្រភេទ «ធ្ងន់ធ្ងរ» មួយនេះបានចុះខ្សោយ ហើយការចុះខ្សោយបន្ថែមទៀតត្រូវបានព្យាករណ៍ក្នុងរយៈពេលប្រាំមួយម៉ោងបន្ទាប់។
ក្រុមអាជ្ញាធរបាននិយាយថា មនុស្ស១៧នាក់ ដែលស្លាប់នោះរួមមានក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់ដែលបានស្លាប់បន្ទាប់ពីបាក់ជញ្ជាំង។ រថភ្លើងជាង ១៤០គ្រឿង និងជើងហោះហើរជាង ៤០ជើង ត្រូវបានលុបចោលនៅក្នុងរដ្ឋនេះ។
ទឹកជំនន់បានបង្កឱ្យមានការចងចាំជាថ្មីពីភ្លៀងធ្លាក់ស្រដៀងគ្នានៅក្នុងទីក្រុង ចិនណៃ (Chennai) កាលពី ៨ឆ្នាំមុន ដែលបានសម្លាប់មនុស្សចំនួន ២៩០នាក់ ខណៈក្រុមសកម្មជនមួយចំនួនបានចោទសួរថា តើហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងនេះអាចដោះស្រាយព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបានដែរឬទេ៕