
លោក Donald Trump កាលពីថ្ងៃអង្គារ (ទី៥ ខែធ្នូ) បាននិយាយថា លោកនឹងមិនក្លាយជាជនផ្តាច់ការនោះទេ ប្រសិនបើរូបលោកក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មីម្តងទៀត លើកលែងតែ «នៅថ្ងៃទី១» ប៉ុណ្ណោះ បន្ទាប់ពីការព្រមានពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមួយចំនួនថា អាមេរិកស្ថិតក្នុងហានិភ័យក្នុងការក្លាយជាប្រទេសអត្តាធិបេតយ្យ ប្រសិនបើរូបលោកឈ្នះការបោះឆ្នោតឆ្នាំ២០២៤។
លោក Trump ដែលជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ត្រូវបានសួរ ២ដង អំឡុងព្រឹត្តិការណ៍សាលប្រជុំតាមទូរទស្សន៍ក្នុងរដ្ឋ Iowa ដើម្បីបដិសេធថា លោកនឹងមិនប្រើអំណាច ដើម្បីស្វែងរកការសងសឹកលើគូប្រជែងនយោបាយ ប្រសិនបើជាប់ឆ្នោតឡើងវិញ នៅសេតវិមាន។ នៅថ្ងៃទី១ ដែលលោកសំដៅដល់នោះ លោក Trump បានប្រាប់ថា លោកនឹងប្រើអំណាចប្រធានាធិបតីរបស់លោកបិទព្រំដែនភាគខាងត្បូងជាមួយម៉ិកស៊ិក និងពង្រីកការខួងយកប្រេង។
លោក Trump ដែលកំពុងស្វែងរកអាណត្តិសេតវិមានជាលើកទី២ នៅក្នុងការបោះឆ្នោតដែលទំនងជាមានការប្រកួតឡើងវិញជាមួយប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យលោក Joe Biden បានលើកឡើងជារឿយៗថា «សងសឹក» លើគូប្រជែងនយោបាយ ប្រសិនបើលោកទទួលបានអំណាចម្តងទៀត។
បេក្ខជននាំមុខគេ ក្នុងការទទួលបានការតែងតាំងតំណែងប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ កំពុងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍របស់ទូរទស្សន៍ Fox News នៅចំពោះមុខទស្សនិកជនដ៏រីករាយ នៅទីក្រុង Davenport រដ្ឋ Iowa ជារដ្ឋ ដែលការប្រកួតប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតេយ្យរបស់គណបក្សចាប់ផ្តើមនៅថ្ងៃទី១៥ ខែមករា៕