ទីភ្នាក់ងារអង្គការសហប្រជាជាតិនិយាយថា ជនភៀសខ្លួនចំនួន៥សែននាក់ នៅតំបន់ហ្កាហ្សា អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងព្រំដែន Rafah ដោយព្រមានថា ទីក្រុងនេះនឹងមានភាពចង្អៀតណែន ហើយមិនអាចគ្រប់គ្រងពួកគេបានទេ។
ទីភ្នាក់ងារផ្តល់ជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ(UNRWA) បានបង្ហោះការអត្ថាធិប្បាយលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ និយាយថា យោធាអ៊ីស្រាអែល បានប្រាប់ប្រជាជននៅភាគខាងកើតទីក្រុង Khan Younis ជាទីក្រុងសំខាន់នៅហ្កាហ្សា ភាគខាងត្បូង ឱ្យភៀសខ្លួនចេញកាន់តែឆ្ងាយពីភាគខាងត្បូង ទៅកាន់ទីក្រុងព្រំដែន Rafah ដើម្បីសុវត្ថិភាពរបស់ពួកគេ។
ទីភ្នាក់ងារនេះបាននិយាយថា បទបញ្ជាជម្លៀសពលរដ្ឋ បានបង្កឱ្យមានការភ័យខ្លាច ការព្រួយបារម្ភ និងភាពអន្ទះសារដល់ប្រជាជននៅតំបន់ហ្កាហ្សា ដែលមានមនុស្សជាច្រើនបានភៀសខ្លួនចេញច្រើនជាងម្តងរួចទៅហើយ នៅក្នុងសង្គ្រាមនេះ។
លោក Thomas White នាយកទីភ្នាក់ងារក្នុងតំបន់ បានប៉ាន់ប្រមាណថាពលរដ្ឋ៥សែននាក់ អាចជម្លៀសខ្លួនចេញពីលំនៅឋានទៅកាន់ទីក្រុងព្រំដែន Rafah។ ប៉ុន្តែលោកបាននិយាយថា ទីក្រុងនេះនឹងមិនអាចគ្រប់គ្រងបានចំពោះការកើនឡើងចំនួនប្រជាជនកាន់តែច្រើន។ លោក បានកត់សម្គាល់ថា ជាធម្មតាទីក្រុងព្រំដែន Rafah មានប្រជាជនចំនួន ២៨០.០០០នាក់ ហើយកំពុងទទួលជនភៀសខ្លួនប្រហែល ៤៧០.០០០នាក់។