
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតជាសកលពីការដុតឥន្ធនៈហ្វូស៊ីលត្រូវបានកំណត់ថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ ដោយធ្វើឲ្យបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងជំរុញឱ្យមានការបំផ្លិចបំផ្លាញអាកាសធាតុកាន់តែខ្លាំងថែមទៀត។
របាយការណ៍ថវិកាឧស្ម័នកាបូនឌីអុកស៊ីតសកល ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាកាសធាតុ COP28 បាននិយាយថា ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតសរុបដែលបានឈានដល់កម្រិតខ្ពស់កាលពីឆ្នាំមុន បានកើនឡើងយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០២៣នេះ ដោយសារតែការធ្លាក់ចុះតិចតួចពីការប្រើប្រាស់ដីដូចជាការកាប់បំផ្លាញព្រៃឈើជាដើម។
ប្រទេសនានាត្រូវបានគេរំពឹងថា នឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតសរុបចំនួន ៣៦,៨ពាន់លានតោន ពីឥន្ធនៈហ្វូស៊ីលក្នុងឆ្នាំ២០២៣ ពោលគឺកើនឡើងចំនួន ១,១%ធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់អ្នកវិទ្យាសាស្ត្រមកពីជាង ៩០ស្ថាប័ន រួមទាំងសាកលវិទ្យាល័យ អ៊ិចសេតធឺ (Exeter) ផងដែរ។ នៅពេលដែលការបំភាយឧស្ម័នពីការប្រើប្រាស់ដីត្រូវបានរួមបញ្ចូល ការបំភាយឧស្ម័នកាបូនឌីអុកស៊ីតសកលត្រូវបានកំណត់ថា មានចំនួនសរុប ៤០,៩ពាន់លានតោននៅឆ្នាំនេះ។
ការបំភាយឧស្ម័នចេញពីធ្យូងថ្ម ប្រេង និងហ្គាសទាំងអស់បានកើនឡើង ដែលជំរុញដោយប្រទេសឥណ្ឌា និងចិន។ កំណើននៃការបំភាយឧស្ម័នរបស់ចិន គឺបណ្តាលមកពីសេដ្ឋកិច្ចរបស់ខ្លួនបានបើកឡើងវិញបន្ទាប់ពីបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ខណៈការបំភាយឧស្ម័នរបស់ប្រទេសឥណ្ឌា គឺជាលទ្ធផលនៃតម្រូវការថាមពលកើនឡើងលឿនជាងសមត្ថភាពថាមពលកកើតឡើងវិញរបស់ប្រទេសនេះ ដោយប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដើម្បីបំពេញកង្វះខាតថាមពល៕