អន្តរជាតិ៖ ក្រុមអាជ្ញាធរបាននិយាយថា អ្នកគិតលុយម្នាក់ក្នុងហាងលក់គ្រឿងទេស ត្រូវបានគេសម្លាប់ និង០៣នាក់ទៀត រងរបួសកាលពីថ្ងៃច័ន្ទនៅក្នុងអំពើបាញ់ប្រហារមួយ ដែលកើតឡើងបន្ទាប់ពីមានជម្លោះទៅលើរឿងពាក់ម៉ាស់នៅក្នុងផ្សារទំនើបមក។
សមត្ថកិច្ចក្រុងដេកាបាល់ លោកស្រីមេឡូឌី ម៉ាដុក បាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅក្នុងផ្សារទំនើប ប៊ីកប៊ែរក្នុងសង្កាត់ដេកាទួរ ខណៈដែលមនុស្សជាច្រើននាក់ កំពុងស្ថិតនៅក្នុងផ្សារនោះ។
លោកស្រីបន្ដថា ស្ដ្រីគិតលុយម្នាក់ត្រូវបានគេសម្លាប់ នៅពេលដែលបុរសម្នាក់បានបាញ់ប្រហារបន្ទាប់ពីមានជម្លោះ រឿងពាក់ម៉ាស់មក។
យោងតាមការិយាល័យស៊ើបអង្កេតសហរដ្ឋអាមេរិកបាននិយាយថា ខ្មាន់កាំភ្លើងត្រូវគេស្គាល់អត្តសញ្ញាណថា ឈ្មោះ វិចទ័រ លី ថាក់ឃើរអាយុ ៣០ឆ្នាំរស់នៅក្រុងផាលនេតូ។
សមត្ថកិច្ចនិយាយថា នគរបាលម្នាក់ដែលធ្វើជាសន្តិសុខក្រៅម៉ោងនៅហាងលក់គ្រឿងទេសនោះ បានបាញ់តជាមួយជនសង្ស័យហើយអ្នកទាំងពីរមានរបួសដូចគ្នា៕ អត្ថបទ៖ មករា