
សមាជិកនៃសហជីពតារាសម្ដែង SAG-AFTRA បានផ្ដល់ការយល់ព្រមលើកិច្ចសន្យារយៈពេល ៣ឆ្នាំជាមួយបណ្ដាស្ទូឌីយោធំៗ កាលពីថ្ងៃអង្គារ (ទី៥ ខែធ្នូ) ដោយបញ្ចប់ជាផ្លូវការនូវជម្លោះការងាររយៈពេល ៦ខែរបស់ក្រុមហ៊ុនហូលីវូដ ដែលបានធ្វើឲ្យការផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍ត្រូវផ្អាក។
សហជីព SAG-AFTRA បាននិយាយថា ៧៨ភាគរយនៃអ្នកដែលបានបោះឆ្នោត បានគាំទ្រកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Netflix Inc, Walt Disney Co និងបណ្ដាសមាជិកផ្សេងទៀតនៃសម្ព័ន្ធអ្នកផលិតរូបភាព និងទូរទស្សន៍ (AMPTP)។ កិច្ចព្រមព្រៀងនោះ ផ្ដល់នូវការដំឡើងប្រាក់ឈ្នួល ប្រាក់រង្វាន់ពីការចាក់ផ្សាយ និងការការពារជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការផលិតភាពយន្ត។
សូមបញ្ជាក់ថា សមាជិករបស់សហជីព SAG-AFTRA បានឈប់ធ្វើការ និងចាប់ផ្ដើមធ្វើកូដកម្ម កាលពីខែកក្កដា ហើយបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយស្ទូឌីយោធំៗ ក្នុងខែវិច្ឆិកា។ តារាសម្ដែងចាប់ផ្ដើមចូលធ្វើការវិញភ្លាមៗ បន្ទាប់ពីមានកិច្ចព្រមព្រៀងបឋមនោះ។
អ្នកនិពន្ធភាពយន្ត និងទូរទស្សន៍ ក៏បានធ្វើកូដកម្មនៅឆ្នាំនេះដែរ ដោយបានធ្វើការតវ៉ា នៅមុនសហជីពតារាសម្ដែង។ បន្ទាប់ពីមានកូដកម្មរយៈពេល ៥ខែ បណ្ដាអ្នកនិពន្ធទាំងនោះបានយល់ព្រមលើកិច្ចសន្យាថ្មី ក្នុងខែតុលា ដោយមានសំឡេងបោះឆ្នោតគាំទ្រ ៩៩ភាគរយ៕