
រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធ (ទី៦ ខែធ្នូ) បានជំរុញឲ្យក្រុមអ្នកប្រឆាំងគាំទ្រច្បាប់របស់ខ្លួន ដែលនឹងផ្តល់ឲ្យអាជ្ញាធរនូវអំណាច ក្នុងការឃុំខ្លួនអតីតអ្នកទោសអន្តោប្រវេសន៍មួយចំនួន ដែលត្រូវបានដោះលែង បន្ទាប់ពីមានការចេញសេចក្តីសម្រេចដ៏សំខាន់ពីតុលាការកំពូលរបស់ប្រទេស។
តុលាការកំពូលរបស់ប្រទេសអូស្ត្រាលី បានសម្រេចកាលពីខែមុនថា ជនល្មើសជាច្រើននាក់ ដោយក្នុងនោះរួមទាំងអ្នកដែលត្រូវជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសផ្លូវភេទលើកុមារផងដែរ កំពុងត្រូវបានឃុំខ្លួនដោយខុសច្បាប់ ដោយសារមិនមានការរំពឹងទុកពិតប្រាកដដែលពួកគេអាចត្រូវបានផ្លាស់ចេញពីអូស្ត្រាលី ឆាប់ៗ។
សាលក្រមនេះ បានបដិសេធការសម្រេចរបស់តុលាការអូស្ត្រាលី កាលពីប្រហែល ២០ឆ្នាំមុន ដែលបានលើកឡើងថា ការឃុំខ្លួនជនអន្តោប្រវេសន៍ដោយគ្មានកំណត់ គឺស្របច្បាប់ ដរាបណារដ្ឋាភិបាលមានចេតនាផ្លាស់បុគ្គលទាំងនោះចេញពីអូស្ត្រាលី នៅទីបំផុត។
សូមបញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធកំពុងប្រឹងប្រែងឥតឈប់ឈរ ដើម្បីឲ្យទទួលបានការអនុម័តលើច្បាប់នេះ ខណៈក្រុមចម្រុះ ដែលមានគំនិតផ្ទុយ និងសមាជិកសភារដ្ឋាភិបាល បានប៉ះទង្គិចគ្នាអំពីផលប៉ះពាល់នៃសេចក្តីសម្រេចរបស់តុលាការកំពូលនេះ៕