
លោក Osama Hamdan គឺជាមន្រ្តីមួយរូបរបស់ក្រុមហាម៉ាស់ និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា គ្មានទេកិច្ចចរចា ឬការដោះដូរអ្នកទោសរហូតដល់បញ្ឈប់ការឈ្លានពានរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្រ្ទីប។
លោកថា ពួកយើងនឹងឲ្យលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahuទទួលខុសត្រូវទាំងស្រុងចំពោះអាយុជីវិតរបស់ចំណាប់ថ្នូរអ៊ីស្រាអែល ហើយនិងសម្រាប់ការរារាំងបញ្ចប់កិច្ចព្រមព្រៀងដោះដូរអ្នកទោស ។
លោកបន្តថា វាច្បាស់ក្រឡែតថា លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu ពុំបានខ្វាយខ្វល់ពីចំណាប់ថ្នូរអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ឬគ្រួសាររបស់ពួកគេ ឬអាយុជីវិតរបស់ពួកគេនោះឡើយ ។
សុន្ទរកថារបស់លោក Hamdan នៅក្នុងទីក្រុង Beirut ប្រទេសលីបង់ បានកើតមានឡើងនៅថ្ងៃដែលកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារយ៉ាងសន្ធាប់លើទីក្រុងធំ Khan Younis នៅតំបន់ភាគខាងត្បូងហ្គាហ្សា គឺជាថ្ងៃវាយប្រហារដ៏ខ្លាំងក្លាបំផុតនៃការវាយប្រហារតាមជើងគោករយៈពេល ៥សប្តាហ៍របស់ពួកគេ លើក្រុមជីវពលហាម៉ាស់ ។
កងពលតូច al Qassam របស់ក្រុមជីវពលហាម៉ាស់ និយាយថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេ បានបំផ្លាញ ឬធ្វើឲ្យខូចខាតរថយន្តយោធាអ៊ីស្រាអែលចំនួន ២៤គ្រឿង និងក្រុមបាញ់កាំភ្លើងស៊ីប បានសម្លាប់ ឬធ្វើឲ្យរងរបួសទាហានអ៊ីស្រាអែលចំនួន ៨នាក់ ខណៈពេលដែលការប៉ះទង្គិចគ្នានៅតែបន្តនៅតាមតំបន់ជាច្រើននៅក្នុងទីក្រុង Khan Younis ៕