
នាវាពាណិជ្ជកម្ម Galaxy Leader ដែលត្រូវបានរឹបអូសដោយក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់របស់យេម៉ែន បានប្រែក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ប្រជាពលរដ្ឋយេម៉ែនជួបជុំគ្នាទស្សនាវានៅជិតតំបន់ឆ្នេរនៃកំពង់ផែសមុទ្រក្រហម al-Salif គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី ជាកន្លែងដែលនាវាបោះយុថ្កា ។
ក្រុមឧទ្ទាមហ៊ូធី ស្វាគមន៍ភ្ញៀវឲ្យឡើងលើនាវាដែលពួកគេធ្វើដំណើរទៅដល់តាមទូកនេសាទ ។
ភ្ញៀវត្រូវបានអនុញ្ញាតឲ្យទស្សនាត្រឹមតែជាន់នាវាប៉ុណ្ណោះ ជាកន្លែងពួកគេដើរជាន់លើទង់ជាតិដ៏ធំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលលាតសន្ធឹងលើកម្រាលនាវា ហើយនិងថតរូបខ្លួនឯងនៅលើនាវា ។
ចម្រៀងសីលធម៌ហ៊ូធី បានចាក់លើឧបករណ៍បំពងសំឡេងផងដែរដែលបំពាក់នៅលើប៉មនាវា ។
លោក Sameer Al-Rabit គឺជាមន្រ្តីសារព័ត៌មានហ៊ូធី និយាយថា នាវាមួយគ្រឿងនេះ បានក្លាយជាតំបន់ទេសចរណ៍ ។
ម្ចាស់នាវា បាននិយាយនៅក្នុងសប្តាហ៍នេះថា ក្រុមនាវិកនាវា Galaxy Leader ត្រូវបានគេអនុញ្ញាតឲ្យមានការទាក់ទងបន្តិចបន្តួចប៉ុណ្ណោះ ជាមួយគ្រួសាររបស់ពួកគេ ស្របពេលដែលប្រទេសជាច្រើន បានជំរុញឲ្យដោះលែងពួកគេ ។
សូមបញ្ជាក់ថា នាវាដឹករថយន្តដោតទង់ជាតិបាហាម៉ានេះ ត្រូវបាននាំទៅកាន់កំពង់ផែ Hodeidah ហើយបន្ទាប់មកនាំទៅកាន់កំពង់ផែជិតគ្នា al-Salfi ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី ស្ថិតនៅតំបន់ភាគខាងជើងប្រទេសយេម៉ែន ក្រោយពេលឡើងជិះដោយកងកម្មង់ដូក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃទី ១៩ ខែវិច្ឆិកាកន្លងទៅ ។
ក្រុមហ៊ុន Galaxy Maritime និយាយថា ក្រុមនាវិកនាវាមួយគ្រឿងនេះ មានចម្រុះជាតិសាសន៍មកពីប៊ុលហ្គារី អ៊ុយក្រែន ហ្វីលីពីន ម៉ិកស៊ិក និងរ៉ូម៉ានី ហើយនិងជួលដោយក្រុមហ៊ុន Nippon Yusen របស់ជប៉ុន ៕