
ក្រុមជួយសង្រ្គោះនៅក្នុងប្រទេសឈីលី បានព្យាយាមយកសាកសពអ្នកឡើងភ្នំអាហ្សង់ទីន ៣នាក់ ដែលបានស្លាប់អំឡុងពេលឡើងភ្នំរបស់ពួកគេ ។
អ្នកឡើងភ្នំ ៣នាក់ឈ្មោះ Ignacio Lucero, Raul Espir និង Sergio Berardo បានបាត់ខ្លួនចាប់តាំងពីថ្ងៃពុធសប្តាហ៍មុនមកម្ល៉េះនៅលើភ្នំ Marmolejo នៃជួរភ្នំ Andes ស្ថិតក្នុងប្រទេសឈីលី ។
មកទល់នឹងពេលនេះ ក្រុមអាជ្ញាធរ បានរកឃើញសាកសពអ្នកឡើងភ្នំម្នាក់កាលពីថ្ងៃចន្ទ ហើយនិងរកឃើញសាកសពអ្នកឡើងភ្នំ ២នាក់ទៀតនៅថ្ងៃពុធនេះ ពេលដែលស្ថានភាពអំណោយផល ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន បានឲ្យដឹងថា សាកសពរបស់អ្នកឡើងភ្នំទាំងនេះ ដែលរកឃើញនៅលើរយៈកម្ពស់ ៥.៦០០ម៉ែត្រនោះ កាលពីមុនត្រូវបានប្រទះឃើញដោយឧទ្ធម្ភាគចក្រឯកជនមួយគ្រឿង ដែលចូលរួមប្រតិបត្តិការស្វែងរកអ្នកឡើងភ្នំ ។
លោក Francisco Nunozគឺជាអ្នកជួយសង្រ្គោះមកពីក្រុមប្រតិបត្តិការនគរបាលពិសេស និយាយថា សីតុណ្ហភាពគឺដក ១៥អង្សាសេ(-15°C) ហេតុដូច្នេះហើយវាពិបាកធ្វើការក្នុងបរិស្ថានបែបនេះ ។
លោកបន្តថា ប៉ុន្តែអរគុណព្រះដែលពួកយើងបានរកឃើញសាកសពអ្នកឡើងភ្នំ ហើយការសម្របសម្រួលទទួលបាន ដូច្នេះហើយពួកយើងអាចទៅដល់ និងនាំយកសាកសពរបស់អ្នកឡើងភ្នំ នៅថ្ងៃពុធនេះ ៕