មន្ត្រីម្នាក់បាននិយាយនៅថ្ងៃពុធនេះថា នគរបាលនៅក្នុងប្រទេសនេប៉ាល់ បានឃុំខ្លួនមនុស្ស១០នាក់ ដែលពួកគេនិយាយថា បានយកលុយពីយុវជនគ្មានការងារធ្វើក្នុងចំនួនដ៏ច្រើនសម្រាប់ទិដ្ឋាការធ្វើដំណើរ ក្រោយមកបញ្ជូនពួកគេសម្រាប់ការជ្រើសរើសដោយខុសច្បាប់ឲ្យចូលបម្រើជាយោធារុស្ស៊ី។
នៅសប្តាហ៍នេះ ប្រទេសនេប៉ាល់ បានស្នើឲ្យទីក្រុងមូស្គូ កុំជ្រើសរើសពលរដ្ឋរបស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ី ហើយត្រូវបញ្ជូនទាហានេប៉ាល់ក្នុងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឲ្យត្រឡប់មកប្រទេសតំបន់ភ្នំហោម៉ាឡៃវិញ បន្ទាប់ពីពលរដ្ឋរបស់ខ្លួន៦នាក់ដែលបម្រើការក្នុងជួរយោធារបស់រុស្ស៊ី ត្រូវបានសម្លាប់។
អធិការនគរបាលស្រុក Kathmandu លោក Bhupendra Khatri និយាយថាមនុស្ស១០នាក់ កំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងរបស់នគរបាល បន្ទាប់ពីត្រូវបានចាប់ខ្លួនកាលពី ពីរបីថ្ងៃកន្លងទៅនេះបន្ទាប់ពីទទួលបានព័ត៌មាន។
លោក Khatri បានប្រាប់សារព័ត៌មានរ៉យទ័រថា យើងកំពុងពិភាក្សាជាមួយមេធាវីរដ្ឋាភិបាលអំពីករណីនេះ ហើយនឹងនាំពួកគេទៅកាន់តុលាការ។
លោក Khatri និយាយថា អ្នកដែលត្រូវបានឃុំខ្លួនទាំងនេះបានយកលុយពីមនុស្សម្នាក់រហូតដល់៩.០០០ដុល្លារអាមេរិក និងបានបញ្ចូនពួកគេទៅរុស្ស៊ី តាមទិដ្ឋាការភ្ញៀវទេសចរ ជាពិសេសឆ្លងកាត់ប្រទេសអារ៉ាប់រួម។ ក្រោយមកពួកគេ ត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារក្នុងជួរកងទ័ពរុស្ស៊ី។
វាជាករណីរត់ពន្ធមនុស្ស ជាឧក្រិដ្ឋកម្មរៀបចំទុក។