
លោក Abdul Malik គឺជាប្រធានទីភ្នាក់ងារជួយសង្រ្គោះខេត្តស៊ូម៉ាត្រាខាងលិច និយាយថា ចំនួនអ្នកស្លាប់ដោយសារបន្ទុះភ្នំភ្លើង Marapi នៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២២នាក់ ស្របពេលដែលក្រុមជួយសង្រ្គោះ បានរកឃើញសាកសពអ្នកឡើងភ្នំបន្ថែមទៀត ដែលបានស្លាប់នៅជិតមាត់ភ្នំភ្លើង ។
នៅថ្ងៃពុធនេះ ក្រុមជួយសង្រ្គោះប្រហែល ២០០នាក់ បានចាប់ផ្តើមឡើងវិញប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ ដើម្បីស្វែងរកអ្នកឡើងភ្នំបាត់ខ្លួនម្នាក់ទៀត ។
លោក Malik និយាយថា សាកសពមនុស្ស ១៦នាក់ ត្រូវបានប្រគល់ជូនក្រុមកំណត់អត្តសញ្ញាណជនរងគ្រោះគ្រោះមហន្តរាយនៅឯមន្ទីរពេទ្យ ។
គួរឲ្យដឹងថា ភ្នំភ្លើងកម្ពស់ ៣.៨៩១ម៉ែត្រ ស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងលិចនេះ បានផ្ទុះកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ ពេលដែលវាព្រួសកម្អែ និងផេះកម្ពស់ ៣គ.មនៅលើផ្ទៃអាកាស ។
ភ្នំភ្លើង Marapi ស្ថិតនៅក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅលើកោះស៊ូម៉ាត្រា ហើយនិងបានផ្ទុះចុងក្រោយកាលពីខែមករា និងខែកុម្ភៈឆ្នាំនេះ ។
ការផ្ទុះកាលពីថ្ងៃអាទិត្យរបស់ភ្នំភ្លើង Marapi គឺជាករណីផ្ទុះភ្នំភ្លើងស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីឆ្នាំ ១៩៧៩ ពេលដែលវាផ្ទុះសម្លាប់មនុស្ស ៦០នាក់ ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលស្ថិតនៅលើតំបន់រង្វង់ភ្លើង មានភ្នំភ្លើងកម្រើកជាង ១០០កន្លែង ៕