ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធពិធីអបអរសាទរទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ដែលឆ្នាំនេះជាខួបទី២០ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ដោយមានកម្មវិធីប្រគំតន្ត្រី នៅទីធ្លាសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ និងអាចឱ្យមហាជនទូទៅចូលរួមទស្សនាដោយសេរី។
ទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «សកលលោករួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីការអភិវឌ្ឍ សន្តិភាព និងសន្តិសុខ» ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
ទិវាប្រឆាំងអំពើពុករលួយអន្តរជាតិ ៩ ធ្នូ បានកកើតឡើងបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើអនុសញ្ញាក្នុងឆ្នាំ២០០៣ ដែលមានប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ រួមទាំងប្រទេសកម្ពុជាផងបានចូលរួមក្នុងអនុសញ្ញានេះ ដែលមានប្រទេសសរុបចំនួន ១៨៩ គិតត្រឹមឆ្នាំ២០២១។
សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំជា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្នុងគោលបំណងចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





