
ក្រោយរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ និងចេញពីទីក្រុង ពលដ្ឋហ្គាហ្សាបច្ចុប្បន្នបានរង់ចាំរយៈពេលច្រើនម៉ោង ដើម្បីទទួលបានទឹកស្អាតពីរោងចក្របន្សាបទឹកប្រៃតែមួយគត់នៅតំបន់ព្រំដែន Rafah ។
ក្មេងៗ និងមនុស្សចាស់ បានតម្រង់ជួរយ៉ាងវែង រង់ចាំដល់វេនរបស់ពួកគេក្នុងការបំពេញទឹកក្នុងធុង ។
ខណៈពេលនោះដែរ ការងារប្រឈមបំផុតសម្រាប់កម្មករនៅក្នុងរោងចក្រ គឺត្រូវផ្តល់ប្រេងដែលត្រូវការដើម្បីបន្សាបទឹកប្រៃ ។
ស្របពេលដែលអ៊ីស្រាអែលបង្កើនការវាយប្រហារបស់ពួកគេលើទីក្រុង Khan Younis ប្រជាពលរដ្ឋហ្គាហ្សាច្រើនឡើងទ្វេដង បានជម្លៀសខ្លួនទៅកាន់តំបន់ព្រំដែន Rafah ដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក និងសេចក្តីស្លាប់ ។
នៅថ្ងៃទី ៥៨នៃសង្រ្គាមរបស់ពួកគេនៅតំបន់ហ្គាហ្សា កងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមច្រកអាកាស និងជើងគោករបស់ពួកគេលើតំបន់ភាគខាងត្បូងហ្គាហ្សាស្រ្ទីប ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសជនប៉ាឡេស្ទីន រាប់សិបនាក់ បើទោះបីជាសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិជំរុញម្តងហើយម្តងទៀតឲ្យពួកគេការពារអាយុជីវិតជនស៊ីវិលក៏ដោយ ។
ដោយឡែក ក្រុមប្រដាប់អាវុធអ៊ីស្លាមជីហាដដែលជាខ្សែបណ្តាញរបស់ក្រុមហាម៉ាស់ បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ពួកគេ បានចូលរួមការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាជាមួយទាហានអ៊ីស្រាអែលនៅតំបន់ភាគខាងជើង និងភាគខាងកើតទីក្រុង Khan Younis ដែលជាទីក្រុងធំនៅភាគខាងត្បូងតំបន់ហ្គាហ្សា ៕