
ចំនួនកើនឡើងនៃស្រ្តីរុស្ស៊ី បានទាមទារឲ្យប្តីរបស់ពួកគេ កូនៗរបស់ពួកគេ និងបងប្អូនរបស់ពួកគេ វិលត្រឡប់ពីសមរភូមិមុខនៅអ៊ុយក្រែន ។
ពួកគេត្រូវបានកែណ្ឌ បន្ទាប់ពីក្រឹត្យរបស់លោកប្រធានាធិបតី Vladimir Putin កាលពីខែកញ្ញា ឆ្នាំមុន ។ យុវជនក្មេងៗរាប់ម៉ឺននាក់ បានប្រញាប់ប្រញាល់ចាកចេញពីរុស្ស៊ី ប៉ុន្តែក្រុមយុវជនរាប់លាននាក់ផ្សេងទៀត ពុំបានចាកចេញនោះទេ ហើយក្នុងចំណោមពួកគេ ត្រូវបានកោះហៅឲ្យចូលច្បាំង ។
ប្តីរបស់អ្នកស្រី Maria Andreeva បានធ្វើសង្រ្គាមនៅអ៊ុយក្រែនអស់រយៈពេល ១ឆ្នាំមកហើយៗអ្នកស្រីចង់ឲ្យប្តីរបស់គាត់វិលត្រឡប់មកវិញ ។
អ្នកស្រី Andreeva និយាយថា ពួកយើងចង់ឲ្យមនុស្សប្រុសដែលត្រូវបានកែណ្ឌឲ្យវិលត្រឡប់មកផ្ទះវិញ ពីព្រោះថារយៈពេល ១ឆ្នាំមកហើយដែលពួកគេបានធ្វើអ្វីតាមដែលពួកគេអាចធ្វើបាននៅខ្សែត្រៀមមុខ ។ ពួកគេគឺជាជនស៊ីវិល ពួកគេបាត់បង់ជំនាញ ពួកគេបាត់បង់សុខភាព ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ។
ចាប់តាំងពីប្តីរបស់អ្នកស្រី Andreeva ត្រូវបានកែណ្ឌ គាត់ទើបបានសម្រាករយៈពេលខ្លី ២លើកប៉ុណ្ណោះ ដើម្បីបានជួបភរិយា និងកូនស្រីតូចរបស់គាត់ ។
អ្នកស្រី Andreeva បន្តថា នេះមិនគ្រប់គ្រាន់នោះទេសម្រាប់ទាហានម្នាក់ដែលច្បាំងនៅក្នុងសង្រ្គាម ៕