
ភ្នំពេញ៖គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាងបង្ការជំងឺកូវីដ-១៩បានឱ្យដឹងថា ប្រជាពលរដ្ឋដល់ទៅជាង ៣លាន ៧ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសជាង៤ខែកន្លងមកនេះ។
គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានឱ្យដឹងបែបនេះនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនទើបចេញនៅយប់នេះ។
របាយការណ៍នោះ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសម្រេចបាន ៣០.៧៧ភាគរយនៃចំនួនប្រជាពលរដ្ឋ ១០លាននាក់ដែលរាជរដ្ឋាភិបាលកំណត់ចាក់វ៉ាក់សាំងនៅឆ្នាំនេះ។
បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋជាង២លាន៥៩ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយ។
យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសបានចាប់ផ្ដើមតាំងពីថ្ងៃទី១០ ខែកុម្ភៈ ហើយគិតមកដល់ថ្ងៃនេះ យុទ្ធនាការនេះបានដំណើរការអស់រយៈពេល ១២៦ថ្ងៃហើយ។
ក្នុងរយៈពេលនេះ យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បានទទួលពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងដល់ទៅជាង៣លាន ១៣ម៉ឺននាក់ ប៉ុន្តែ ប្រជាពលរដ្ឋជាង ៥ម៉ឺន ៦ពាន់នាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះឡើយដោយសារបញ្ហាសុខភាពរបស់ពួកគេ៕