
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយប្រាប់សមភាគីអ៊ីរ៉ង់លោក Hossein Amirabdollahian នៅក្នុងជំនួបកាលពីថ្ងៃអង្គារថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនកិច្ចខិតខំរួមគ្នា ដើម្បីយកឈ្នះផលប៉ះពាល់ដោយសារទណ្ឌកម្មលោកខាងលិចលើប្រទេសរបស់ពួកគេ ។
លោក Lavrov និយាយថា ពួកយើងទើបតែបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីវិធីសាស្រ្ត និងមធ្យោបាយប្រឆាំង កាត់បន្ថយ និងទូទាត់ផលវិបាកអវិជ្ជមាននៃវិធានការដោយបង្ខិតបង្ខំឯកតោភាគី។
លោកបន្តថា ជាការពិតណាស់ថា នេះគឺជាជំហានដ៏ចាំបាច់ក្នុងការបង្កើនការសម្របសម្រួលកិច្ចខិតខំរបស់សមាជិកសហគមន៍ពិភពលោក ដើម្បីយកឈ្នះទណ្ឌកម្មខុសច្បាប់ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ បានជំនួសវិស័យការទូត ។
សូមបញ្ជាក់ថា លោក Lavrov បានទទួលជួបសម្តែងការគួរសមជាមួយលោក Amirabdollahian មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisiមកកាន់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី ៧ ខែធ្នូស្អែកនេះ ៕