
បាតុករជាង ១ពាន់នាក់ បាននាំគ្នាតវ៉ានៅក្នុងទីក្រុង Pristina កូសូវ៉ូ កាលពីយប់ថ្ងៃអង្គារ ដើម្បីតវ៉ាប្រឆាំងនឹងអំពើហិង្សាលើស្រ្តី បន្ទាប់ពីមានករណីចោទប្រកាន់ថាបុរសម្នាក់បានសម្លាប់ភរិយារបស់ខ្លួន ។
អ្នកស្រី Liridona Ademaj វ័យ ៣០ឆ្នាំ ត្រូវបានគេសម្លាប់កាលពីសប្តាហ៍មុននៅក្នុងតំបន់ជាយក្រុងនៃរដ្ឋធានីកូសូវ៉ូមួយនេះ ដែលកាលពីដំបូងឡើយត្រូវបានគេរាយការណ៍ថា ជាករណីប្លន់ប្រដាប់អាវុធ ។
ក្រោយមក នគរបាល បានចាប់ខ្លួនប្តីរបស់គាត់ ដែលរងការចោទប្រកាន់ថាបានសម្លាប់ភរិយាខ្លួនឯង ប៉ុន្តែគ្មានសេចក្តីលម្អិតបន្ថែមត្រូវបានចេញដោយក្រុមមន្រ្តីនោះឡើយ ។
ករណីឃាតកម្មនេះ នាំឲ្យកើតមានបាតុកម្មកាលពីយប់ថ្ងៃអង្គារ ដោយក្រុមបាតុករទាមទារឲ្យមានវិធានការរបស់រដ្ឋាភិបាលកូសូវ៉ូ ស្របពេលដែលករណីឧក្រឹដ្ឋកម្មកើនឡើងលើស្រ្តី ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ស្រ្តី ៤នាក់ ត្រូវបានសម្លាប់ដោយប្តីរបស់ពួកគេ ហើយអំពើហិង្សាក្នុងគ្រួសារ ប្រហែល ២ពាន់ករណីត្រូវបានគេរាយការណ៍ថាបានកើតឡើង ៕