ភ្នំពេញ÷ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនបានជឿជាក់ថា បញ្ចប់ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងទទួលបានផ្ទៃដីបោស សម្អាតមីនរួចរាល់នឹងកើនឡើងបានរហូតដល់ ២.៩៥០ គីឡូម៉ែត្រក្រឡា។ខណះបើរាប់ចាប់ពីឆ្នាំ ១៩៩២ ដល់ខែ មិថុនាឆ្នាំ២០២៣កម្ពុជាបានបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោមក្នុងទំហំផ្ទៃដីចំនួន ២.៧៦១ គីឡូម៉ែត្រក្រឡា។
ខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីនិងជាអនុ ប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រីAlissar Chaker ប្រធានអង្គការ UNDP ប្រចាំកម្ពុជាបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៣នៅសាលា ខេត្តបន្ទាយមានជ័យនាថ្ងៃទី៦ធ្នូ២០២៣នេះឯកឧត្តមបានថ្លែងថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោស សម្អាតមីនក្រោមការសម្របសម្រួលពីUNDPត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកលចាប់តាំងពីឆ្នាំ២០០៦ គម្រោងនេះបានរំដោះផ្ទៃដីមានមីនចំនួន ៣៤៨ គីឡូម៉ែត្រក្រឡានិងមានអ្នកទទួលផលចំនួន ជិត១លាន ២សែន នាក់។ ដោយឡែកសម្រាប់ការអនុវត្តគម្រោងបោសសម្អាតដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២០ ផ្ទៃដីប្រមាណ១០៤គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងមានអ្នកទទួលផលចំនួន ១៦៣.៧២៨ នាក់ ដែលជាលទ្ធផលសម្រេចបានលើសគោលដៅកំណត់។ ជាមួយគ្នានេះរាប់ចាប់ពីឆ្នាំ១៩៩២ដល់ខែមិថុនាឆ្នាំ២០២៣កម្ពុជាបានបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់ បញ្ចូលទាំងគ្រាប់បែកចង្កោមក្នុងទំហំផ្ទៃដីចំនួន ២.៧៦១ គីឡូម៉ែត្រក្រឡាដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើ ប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធការសាងសង់លំនៅឋាននិងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារ ណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ក្នុងចំណោមម្ចាស់ជំនួយដទៃ ទៀត ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។ឯកឧត្តមក៍បានថ្លែងអំណរ គុណជូនចំពោះលោកស្រី Alissar Chaker ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាម រយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈ ពេលជាច្រើនឆ្នាំ។
លោកស្រី Alissar Chaker បានកោតសសើរចំពោះការដឹកនាំរបស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដែលក្នុងនោះ អាជ្ញាធរមីនបានបញ្ច្រៀបយេនឌ័រទៅក្នុងសកម្មភាពមីន និងអនុវត្តស្របតាមរបៀវារៈឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ លោកស្រីគូសបញ្ជាក់ថា សកម្មភាពមីន ជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន។ជាងនេះទៅទៀត តំណាងស្ថានទូតដែលជាម្ចាស់ជំនួយក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោង ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងប្តេជ្ញាបន្តការគាំទ្រសកម្មភាពមីននៅកម្ពុជា៕ ដោយ ÷ ភារម្យ









