រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ជែនណេត យ៉េឡែន (Janet Yellen) កាលពីថ្ងៃពុធ (០៦ ធ្នូ) បានប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គលចំនួន ១៥នាក់ និងក្រុមហ៊ុនម៉ិកស៊ិកចំនួន២ ដែលមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន ប៊ែលត្រាន ឡេយវ៉ា (Beltran Leyva) ខណៈលោកស្រីព្យាយាមធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិក ក្នុងការបញ្ឈប់លំហូរនៃសារធាតុអាភៀនហ្វង់តានីលដ៏គ្រោះថ្នាក់ទៅកាន់សហរដ្ឋអាមេរិក។

លោកស្រី យ៉េឡែន បានបង្ហាញការដាក់ទណ្ឌកម្មនោះក្នុងការធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសម៉ិកស៊ិក ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២១ មក។ ទណ្ឌកម្មទាំងនោះមានគោលបំណងរំខានដល់អង្គការ ប៊ែលត្រាន ឡេយវ៉ា ដែលក្រសួងរតនាគារពិពណ៌នាថាជា «អង្គការជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក» និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៃគ្រឿងញៀនកូកាអ៊ីន និងហ្វង់តានីល ទៅសហរដ្ឋអាមេរិក។
ក្រសួងរតនាគារធ្លាប់បានដាក់ទណ្ឌកម្មលើសមាជិកក្រុមជួញដូរគ្រឿងញៀននេះពីមុន ប៉ុន្តែទណ្ឌកម្មចុងក្រោយបង្អស់នេះត្រូវបានដាក់ចេញក្រោមបញ្ជាប្រតិបត្តិឆ្នាំ២០២១ ដែលពង្រីកវិសាលភាពនៃសកម្មភាពទប់ស្កាត់ពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីរួមបញ្ចូលប្រតិបត្តិការជួញដូរដែលបាន «ចូលរួមចំណែក ឬបង្កហានិភ័យយ៉ាងខ្លាំងក្នុងការរួមចំណែក» នៃការរីករាលដាលគ្រឿងញៀនខុសច្បាប់។

លោកស្រី យ៉េឡែន បានទស្សនាមន្ទីរពិសោធន៍ឧក្រិដ្ឋកម្មរបស់រដ្ឋាភិបាលម៉ិកស៊ិក ដែលកំពុងបណ្តុះបណ្តាលសត្វសុខនដើម្បីរកមើលសារធាតុគីមីនៃសារធាតុហ្វង់តានីល។ លោកស្រីនឹងជួបជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលរបស់ប្រទេសម៉ិកស៊ិក ដើម្បីពិភាក្សាអំពីវិធីកែលម្អការចែករំលែកព័ត៌មានអំពីការជួញដូរខុសច្បាប់ទាំងនោះ៕
