បារាំង សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។
ការថ្លែងរបស់ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា យ៉ាងដូច្នេះនាឱកាសដែរឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារ នាទីសី្តការក្រសួងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងអំណរគុណដល់ប្រជាជននិងរាជរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល តាមរយៈជំនួយអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល និងគម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ ជាច្រើន ក្រោមម្លប់សុខសន្តិភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនភាគីបារាំងអំពីអាទិភាព ចំបង៣ នៃអាទិភាពទាំង៩ របស់វិស័យសុខាភិបាល ក្នុងអណត្តិទី៧ គឺ១)ការធ្វើឲ្យកាន់តែប្រសើរសេវាសុខភាពនៅមណ្ឌល សុខភាព តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល, ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សមស្របការផ្កត់ផ្តង់ឱសថ ឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គល ដើម្បីធានាការផ្តល់សេវាប្រកបដោយប្រសទ្ធិភាព សុវត្ថិភាព គុណភាព ២៤ម៉ោង ៧ថ្ងៃ ។ ២) ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកសុ្រកនិងខេត្ត តាមរយៈការធ្វើឲ្យប្រសើរឡើងផ្នែក សង្រ្គោះបន្ទាន់, ICU, ផ្នែកវៈកាត់ ផ្នែកមន្ទីរពិសោធន៍និងផ្នែករូបភាពវេជ្ជសាស្ត្រ និងទី៣) ការបង្កើនសមត្ថភាពថ្នាក់ដឹកនាំ សុខាភិបាលគ្រប់លំដាប់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអបអរសាទរនិងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមសាស្ត្រាចារ្យ ទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាង ឆាប់រហ័សជាពិសេសបន្តនិរន្តរភាពការអភិវឌ្ឍន៍ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និង រដ្ឋាភិបាលបារាំង ជាពិសេសតាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរគាំទ្ររួមចំណែកកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា



