បុគ្គលិកមកពីអង្គការក្រៅរដ្ឋាភិបាល គ្រូពេទ្យគ្មានព្រំដែន ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានរៀបចំពិធីរំលឹកមួយនៅខាងក្រៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ ដោយគោរពដល់បុគ្គលិករួមការងារដែលត្រូវបានសម្លាប់នៅហ្កាហ្សា។
លោកវេជ្ជបណ្ឌិត អាវរីល បែនណយ(Avril Benoît) នាយកប្រតិបត្តិ នៃអង្គការគ្រូពេទ្យគ្មានព្រំដែនបាននិយាយថា យើងត្រូវការបទឈប់បាញ់ប្រកបដោយនិរន្តរភាព ព្រោះជារៀងរាល់ថ្ងៃការហ៊ុមព័ទ្ធ និងអំពើហឹង្សា នៅតែបន្តក្នុងតំបន់ហ្កាហ្សា ដែលការតស៊ូដើម្បីរស់រានមានជីវិតកាន់តែអស់សង្ឃឹម។

កុមារដែលរងរបួស រួមទាំងកុមារតូចៗដែលទើបចេះដើរ មានពាសពេញនៅមន្ទីរពេទ្យ Nasser តំបន់ហ្កាហ្សាកាលពីថ្ងៃពុធ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់ទៅលើតំបន់លំនៅឋានមួយកន្លែងនៅទីក្រុង Khan Younis ភាគកណ្តាល។ កាលពីព្រឹកថ្ងៃពុធ កងកម្លាំងអ៊ីស្រាអែល បានចូលទៅដល់បេះដូងទីក្រុង Khan Younis ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីន ស្វែងរកទីជ្រកកោននៅកន្លែងផ្សេង ខណៈចំនួនតំបន់សុវត្ថិភាពពុំមានច្រើននោះទេ។
យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើគោលដៅនានានៅទូទាំងតំបន់ឆ្នេរដែលមានប្រជាជនរស់ច្រើន នៅក្នុងដំណាក់កាលមួយនៃការប្រយុទ្ធខ្លាំងបំផុតក្នុងរយៈពេលពីរខែ ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ក្រុមគ្រូពេទ្យបឋមប៉ាឡេស្ទីន បាននិយាយថា មន្ទីរពេទ្យកំពុងពេញហៀរទៅដោយអ្នកស្លាប់ និងអ្នករបួស ភាគច្រើនជាស្ត្រី និងកុមារ ហើយការផ្គត់ផ្គង់ផ្សេងៗបានអស់។ ជនភៀសខ្លួនរាប់សែននាក់ ដែលត្រូវបានជំរុញឲ្យចាកចេញពីភាគខាងជើង កំពុងស្វែងរកទីជម្រកនៅភាគខាងត្បូងដែលកំណត់ថាជាតំបន់សុវត្ថិភាពដោយអ៊ីស្រាអែល។
