ស៊ីហ្គេម៖ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកអ្នកស្ម័គ្រចិត្តគឺជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមជំរុញភាពជោគជ័យនៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។

ការលើកឡើងនេះ ក្រោយកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មការអ្នកស្ម័គ្រចិត្ត ក្រោមវត្តមានឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC កាលពីថ្ងៃទី១៥ ខែមិថុនាម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើងថា គណៈកម្មការអ្នកស្ម័គ្រចិត្តដែលគណៈកម្មការដ៏ពិសេសមួយ សម្រាប់ប្រមូលផ្ដុំនូវធនធានមនុស្ស ដែលជាកម្លាំងការងារដ៏សំខាន់សម្រាប់ជួយដល់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដ្បិតព្រឹត្តិការណ៍ប្រចាំតំបន់នេះត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ១ម៉ឺននាក់ឯណោះ។ ចំពោះការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តវិញ ទោះបីស្ថិតក្នុងបរិមាណមនុស្សច្រើនក៏ពិតមែន តែការប្រមូលផ្ដុំអាចនឹងធ្វើឡើងរយៈពេល ៦ខែមុនការប្រកួតស៊ីហ្គេម។ ដូច្នេះផ្អែកលើស្ថានភាពបច្ចុប្បន្ន មិនប៉ះពាល់ដល់ក្រុមអ្នកស្ម័គ្រចិត្តដែលត្រូវចូលរួមនោះទេ ដ្បិតចំពោះមុខគណៈកម្មការនេះផ្ដោតការយកចិត្តទុកដាក់ លើការចុះឈ្មោះតាមប្រព័ន្ធអនឡាញសិន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ជារួមកម្លាំងអ្នកស្ម័គ្រចិត្តនឹងស្ថិតនៅគ្រប់ទីកន្លែង នៃព្រឹត្តិការណ៍ស៊ីហ្គេមទាំងមូល។ អាស្រ័យហេតុនេះចាំបាច់អ្នកស្ម័គ្រចិត្តម្នាក់ៗត្រូវដឹងពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលមានភាពរលូននៅក្នុងយន្តការរៀបចំ គ្រប់គ្រង និងដឹកនាំព្រឹត្តិការណ៍កីឡាដ៏សំខាន់នេះ។ គួរបញ្ជាក់ថា ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា គ្រោងរៀបចំពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី៥ និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងរៀបចំលើទីតាំងនៃទីលានប្រកួតធំៗចំនួន ៥ រួមមាននៅរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកំពត និងខេត្តកែប។ ចំពោះទីតាំងប្រកួតនីមួយៗ ពិសេសនៅរាជធានីភ្នំពេញ សុទ្ធតែនឹងមានការចូលរួមអ្នកស្ម័គ្រចិត្ត ដើម្បីសម្រួលដល់ប្រតិភូ និងកីឡាករ-កីឡាការិនីតាមរយៈការផ្ដល់នូវព័ត៌មានផ្សេងៗ អំឡុងមុនពេលការប្រកួតអំឡុងពេលការប្រកួត និងក្រោយការប្រកួតផងដែរ៕
អត្ថបទ៖ លី ឈុនឡា