កុមារជាច្រើន ដែលរងរបួសរួមទាំងកុមារតូច ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យណាស័រ(Nasser) របស់តំបន់ហ្កាហ្សា កាលពីថ្ងៃពុធទី៦ខែធ្នូ សប្ដាហ៍នេះ បន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាស ប៉ះចំតំបន់អគារលំនៅឋានប្រជាពលរដ្ឋមួយកន្លែងនៅកណ្ដាលទីក្រុងខានយូនីស (Khan Younis)។

កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ កងកម្លាំងអ៊ីស្រាអែលបានចូលទៅដល់កណ្ដាលទីក្រុងខានយូនីស ( Khan Younis) ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនស្វែងរកការជ្រកកោននៅកន្លែងផ្សេង ខណៈដែលចំនួនតំបន់សុវត្ថិភាពមានការថយចុះ។

យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា កងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការនៅក្នុងកណ្ដាលទីក្រុងខានយូនីសដែលជាទីក្រុងធំបំផុតរបស់តំបន់ហ្កាហ្សាភាគខាងត្បូង ជាលើកដំបូង ។

ទាហាន បានចាប់ផ្ដើមវាយឆ្មក់ដាក់គោលដៅនៅក្នុងទីក្រុងខានយូនីស ដែលសេចក្ដីថ្លែងការណ៍នេះបានកំណត់ថាជានិមិត្តរូបរបស់យោធា និងរបបរដ្ឋបាលក្រុមហាម៉ាស ។
ទាហានបានសម្លាប់ក្រុមភេរវករជាច្រើន កម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវករ និងទីតាំងស្តុកអាវុធជាច្រើនរបស់ក្រុមហាម៉ាស៕