អតីតប្រធានាធិបតី ប៉េរូ លោក អាល់ប៊ើតូ ហ្វ៊ូជីមូរី(Alberto Fujimori)ដែលត្រូវបានជាប់ពន្ធនាគារ២៥ឆ្នាំ ពីបំពានសិទ្ធិមនុស្សអំឡុងកាន់អំាណាចរយៈពេល១០ឆ្នាំរបស់លោកកាលពីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវបានដោះលែងកាលពីល្ងាចថ្ងៃពុធទី៦ធ្នូសប្ដាហ៍នេះ បន្ទាប់ពីតុលាការបានលើកលែងទោសក្នុងករណីជម្លោះកាលពីឆ្នាំ២០១៧ ។

តុលាការកំពូលរបស់ប្រទេសនេះ កាលពីថ្ងៃអង្គារទី៥ធ្នូសប្ដាហ៍នេះដែរ បានទទួលយកសំណើនៃការអំពាវនាវឲ្យលើកលែងទោសសម្រាប់លោក ហ្វ៊ូជីមូរី វ័យ៨៥ឆ្នាំ ក្នុងហេតុផលមនុស្សធម៌ ទោះរងការរិះគន់ពីតុលាការអន្តរអាមេរិក(Inter-American Court) នៃសិទ្ធិមនុស្ស និងក្រុមគ្រួសាររបស់ជនរងគ្រោះក៏ដោយ។

គេបានឃើញរូបលោកចាកចេញពីពន្ធនាគារជាយក្រុងលីម៉ា និងឡើងរថយន្តភ្លាមៗ ក្រោយវិទ្យាស្ថានផ្ដន្ទាទោសជាតិគ្រប់គ្រងដោយរដ្ឋរបស់ប៉េរូ បានបញ្ជឲ្យដោះលែងលោកជាបន្ទាន់។
លោកត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ១៦ឆ្នាំ បន្ទាប់ពីត្រូវបាននិរទេសមកពីប្រទេសឈីលីកាលពីឆ្នាំ២០០៧៕