ក្រុមកីឡាទោចក្រយានជម្រើសជាតិកម្ពុជា បានបញ្ចប់យុទ្ធនាការប្រកួតកីឡាទោចក្រយានមិត្ដភាពអន្ដរជាតិកម្ពុជា វៀតណាម ឡាវ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយដណ្ដើមបានជើងឯកលើវិញ្ញាសាកង់គួកបុរសជាតិក្រុម ១ អមជាមួយជើងឯករងលើវិញ្ញាសាកង់គួរបុរសឯកត្តជនផងដែរ ។

យោងតាមមន្ដ្រីសហព័ន្ធកីឡាទោចក្រយានកម្ពុជា សម្រាប់លទ្ធផល នៃការប្រកួតមិត្តភាពអន្ដរជាតិ ចំពោះវិញ្ញាសាកង់គួកបុរសជាក្រុម គឺក្រុមកីឡាករកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ គ្រាដែលលេខ២ បានទៅក្រុមម្ចាស់ផ្ទះឡាវ និងលេខ៣ បានទៅក្រុមវៀតណាម ។ រីឯវិញ្ញាសាកង់គួកបុរសឯកកត្តជន កីឡាករកម្ពុជា សាន ណាម៉ាវ ទទួលបានចំណាត់ថ្នាក់លេខ២ គ្រាដែលកីឡាករ និត សីហា ទទួលបានចំណាត់ថ្នាក់លេខ៤ ។

គួរដឹងថា បេសកកម្មនេះ ក្រុមកីឡាទោចក្រយានកម្ពុជា បានចាកចេញពីមាតុភូមិ កាលពីថ្ងៃអាទិត្យកន្លងទៅ ក្រោមការដឹកនាំរបស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា តបតាមការអញ្ជើញសហព័ន្ធកីឡាទោចក្រយានឡាវ ដើម្បីអបអរសាទរ ក្នុងឱកាសដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះលើកទី១ រៀបចំកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម ឆ្នាំ២០២៣ ហើយក៏ជាឱកាសវាស់ស្ទង់ និងពង្រឹងសមត្ថភាពក្រុមកីឡាទោចក្រយានកម្ពុជា ក្រោយបញ្ចប់យុទ្ធនាការស៊ីហ្គេម កាលពីថ្មីៗ ដើម្បីត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា





