រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃពុធ (០៦ ធ្នូ) ថា ការលើកកម្ពស់ទំនាក់ទំនងដែលមានភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពរវាងចិន-អាមេរិក គឺជាកិច្ចការសំខាន់មួយ។

លោក ប្លីងខិន ក៏បានពិភាក្សាអំពីការធ្វើដំណើរទស្សនៈកិច្ចនាពេលថ្មីៗនេះរបស់ខ្លួននៅមជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ជាមួយលោក វ៉ាង ផងដែរនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក។

នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ អ្នកការទូតជាន់ខ្ពស់ទាំងពីររូបបានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានយល់ព្រមរក្សាការទំនាក់ទំនងស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
លោក វ៉ាង បាននិយាយក្នុងអំឡុងពេលសន្ទនាថា អាទិភាពចម្បងនៅពេលនេះគឺការបញ្ឈប់ការបាញ់ប្រហារ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងការបរទេសចិនបាននិយាយថា លោក ប្លីងខិន បានថ្លែងអំណរគុណចំពោះលោក វ៉ាង ដែលបានទៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសចិន ដើម្បីសម្តែងការរំលែកទុក្ខដល់មរណៈភាពអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger)។
យោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក វ៉ាង និងលោក ប្លីងខិន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងលើវឌ្ឍនភាពដែលបានធ្វើឡើងលើបញ្ហាសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីប្រទេសទាំងពីនៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីខែវិច្ឆិកាផងដែរ៕