ទីក្រុងគីវ បាននិយាយថា ខ្លួនបានធ្វើឃាតអ្នកនយោបាយអ៊ុយក្រែនដែលគាំទ្រវិមានក្រឹមឡាំង កាលពីថ្ងៃពុធ បន្ទាប់ពីសាកសពរបស់អតីតសមាជិកសភា ដែលបានចាកចេញពីប្រទេស ចូលទៅប្រទេសរុស្ស៊ី ត្រូវបានរកឃើញ នៅខាងក្រៅទីក្រុងម៉ូស្គូ។

ប្រភពនៅក្នុងផ្នែកការពារជាតិរបស់អ៊ុយក្រែន បានប្រាប់សារព័ត៌មាន AFPថា សេវាសន្តិសុខ SBU របស់ខ្លួន បានធ្វើឃាត លោក Illia Kyva អតីតសមាជិកសភាអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញពីសភា ហើយបានរត់ចោលស្រុកចូលទៅប្រទេសរុស្ស៊ី រយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីទីក្រុងម៉ូស្គូ បានបើកការវាយលុកយោធារបស់ខ្លួន កាលពីឆ្នាំមុន។

ចាប់តាំងពីរុស្ស៊ី បានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន អ៊ុយក្រែន បានអះអាងថា ខ្លួនជាអ្នកនៅពីក្រោយការធ្វើឃាត និងការវាយប្រហារជាច្រើនលើជនជាតិរុស្ស៊ីគាំទ្រមសង្រ្គាម និងអតីតមន្ត្រីអ៊ុយក្រែន ដែលបានគាំទ្រសង្រ្គាមរបស់ទីក្រុងម៉ូស្គូ។
សេវាសង្គ្រោះបន្ទាន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA Novosti ថា សាកសពរបស់លោក Kyva ត្រូវបានរកឃើញ កាលពីថ្ងៃពុធ នៅក្នុងភូមិ Suponevo ក្បែរទីក្រុងម៉ូស្គូ។
ថ្លែងតាមទូរទស្សន៍ជាតិ អ្នកនាំពាក្យចារកម្មយោធារបស់អ៊ុយក្រែន លោក Andriy Yusov បាននិយាយថា៖«យើងអាចបញ្ជាក់បានថា លោកKyva ត្រូវបានធ្វើឃាតរួចហើយ។ ជោគវាសនាបែបនេះ នឹងកើតមានចំពោះជនក្បត់ជាតិអ៊ុយក្រែនដទៃទៀត ក៏ដូចជាក្រុមអ្នកគាំទ្រនយោបាយនៃរបបលោកពូទីនដែរ»។