យោងតាមទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ ដែលបានព្រមានថាប្រតិបត្តិការមនុស្សធម៌របស់ខ្លួនបានធ្លាក់ក្នុងចំណុចគ្រោះថ្នាក់ មនុស្សជាង៦សែននាក់ នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង ត្រូវបានបញ្ជាឲ្យចាកចេញ ដើម្បីបញ្ចៀសការវាយប្រហារដោយថ្មើរជើង និងអាកាសរបស់អ៊ីស្រាអែល ។

ឧត្ដមស្នងការទីភ្នាក់ងារផ្ដល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ លោកហ្វីលីពឡាហ្សារីនី បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X ថា ជិតពាក់កណ្ដាលនៃអ្នកទាំងឡាយដែលស្ថិតក្រោមបញ្ជាឲ្យជម្លៀស ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

លោកបានសរសេរថា ពេលនេះគ្មានកន្លែងមានសុវត្ថិភាពណាមួយត្រូវជ្រើសរើសជាទីជម្រកទេ រួមទាំងទីតាំងរបស់ឧត្ដមស្នងការទីភ្នាក់ងារផ្ដល់ជំនួយនិងការងាររបស់អង្គការសហប្រជាជាតិផងដែរ ដែលកំពុងផ្ទុកមនុស្សពេញលើសចំណុះទៅហើយ។ ជំនួយមនុស្សធម៌ដែលបានរឹតត្បិត បានប៉ះពាល់យ៉ាងខ្លាំងដល់ប្រតិបត្តិការរបស់យើង ។ ការឡោមព័ទ្ធនេះអាចក្លាយជាប្រភពចម្បងនៃការស្លាប់របស់ប្រជាពលរដ្ឋ។

អង្គការសុខភាពពិភពលោក បាននិយាយថាខ្លួនកំពុងមើលឃើញការកើនឡើងនៃជំងឺឆ្លងដោយសារស្ថានភាពរស់នៅរបស់មនុស្សដែលកំពុងជួបប្រទះ ក្នុងនោះមានករណីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរចំនួន១២.០០០នាក់ និងរាគរូសចន្លោះពី៤០ទៅ៥០ករណី។
កងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF បានចេញបញ្ជាថ្មីឲ្យជម្លៀសចេញកាលពីព្រឹកថ្ងៃពុធ ដោយព្រមានថា ខ្លួនកំពុងអនុវត្តប្រតិបត្តិការយោធាយ៉ាងប្រុងប្រយ័ត្ន លើក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត នៅក្នុងតំបន់ខាន យូនីស ភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប និងបានណែនាំជនស៊ីវិលឲ្យចាកចេញបន្ទាន់ពីតំបន់នេះ ឆ្ពោះទៅកាន់ភាគខាងលិច វិញ៕