ប្រធានាធិបតីតួកគី លោក តាយីប អេរដូហ្គែន ( Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសទួរគី បដិសេធផែនការបង្កើតតំបន់ទ្រនាប់ក្រោយសង្រ្គាម នៅតំបន់ហ្កាហ្សា ព្រោះវានឹងមិនគោរពដល់ប្រជាជនប៉ាឡេស្ទីនទេ។

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីសប្តាហ៍មុនថា អ៊ីស្រាអែល បានបញ្ជូនផែនការសម្រាប់តំបន់ទ្រនាប់ ទៅកាន់រដ្ឋអារ៉ាប់មួយចំនួន និងប្រទេសទួរគី។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះពីទីក្រុងដូហា (Doha) លោកអេរដូហ្គែន បានថ្លែងថា អភិបាលកិច្ច និងអនាគតរបស់តំបន់ហ្កាហ្សា បន្ទាប់ពីសង្គ្រាម នឹងត្រូវសម្រេចដោយប៉ាឡេស្ទីនតែម្នាក់ឯងប៉ុណ្ណោះ។

ការិយាល័យរបស់លោកអេដូហ្គែន បានដកស្រង់សម្តីគាត់ ដោយនិយាយថា៖«ខ្ញុំចាត់ទុកការជជែកពិភាក្សាគ្នាអំពីផែនការ (តំបន់ទ្រនាប)នេះថា មិនគោរពចំពោះបងប្អូនប៉ាឡេស្ទីនរបស់ខ្ញុំ។ សម្រាប់ពួកយើង នេះមិនមែនជាផែនការ ដែលអាចត្រូវបានជជែកវែកញែក ពិចារណា ឬពិភាក្សានោះទេ។
ដោយអំពាវនាវឲ្យអ៊ីស្រាអែលប្រគល់ទឹកដីដែលខ្លួនគ្រប់គ្រង និងបញ្ចប់ការតាំងទីលំនៅ ក្នុងទឹកដីទាំងនោះមកវិញ លោក បាននិយាយថា៖«អ៊ីស្រាអែល ត្រូវតែយកក្រុមភេរវករ ដែលខ្លួនបង្ហាញទៅកាន់ពិភពលោកថាជាអ្នកតាំងលំនៅ ចេញពីផ្ទះសម្បែង និងដីទាំងនោះ ហើយគិតអំពីរបៀបដែលវាអាចសាងសង់អនាគតសន្តិភាពជាមួយប្រជាជនប៉ាឡេស្ទីន»។