អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមានចំណាត់ការដ៏កម្រមួយកាលពីថ្ងៃពុធ ដើម្បីព្រមានជាផ្លូវការដល់ក្រុមប្រឹក្សាសន្តិសុខ អំពីការគំរាមកំហែងជាសកលមកពីសង្គ្រាមនៅហ្កាហ្សា ខណៈបណ្តារដ្ឋអារ៉ាប់ ព្យាយាមប្រើឥទ្ធិពលដែលនឹងជំរុញជាថ្មីឱ្យក្រុមប្រឹក្សាអំពាវនាវឱ្យមានបទឈប់បាញ់។

សហរដ្ឋអាមេរិក ជាប្រទេសមួយក្នុងចំណោមប្រទេសអំណាចប្រើប្រាស់សិទ្ធវ៉េតូចំនួន៥ប្រទេស នៅក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥រូប បានជំទាស់ចំពោះបទឈប់បាញ់រវាងសម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយសារតែខ្លួនជឿថា ទង្វើបែបនេះនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។
ទីក្រុងវ៉ាស៊ីនតោន គាំទ្រការផ្អាកសង្គ្រាមសម្រាប់បុព្វហេតុមនុស្សធម៌ដើម្បីការពារជនស៊ីវិល និងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរដែលក្រុមហាម៉ាស់បានចាប់នៅក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។

ទីក្រុងនេះបានអនុបវាទកាលពីខែមុនក្នុងការអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចដែលអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធ។ លោក Guterres បាននិយាយទៅកាន់ក្រុមប្រឹក្សានៅក្នុងលិខិតមួយថា សង្រ្គាមនៅតំបន់ហ្កាហ្សា «អាចនឹងបង្កការគំរាមកំហែងដែលមានស្រាប់កាន់តែធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ»។ បេសកជនពិសេសប្រចាំអង្គការសហប្រជាជាតិរបស់ប៉ាឡេស្ទីន លោក Riyad Mansour បាននិយាយកាលពីថ្ងៃពុធថា អ្នកការទូតអារ៉ាប់កំពុង «កែសម្រួល» សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់។
សេចក្តីសសម្រេចមួយត្រូវការសំឡេងគាំទ្រយ៉ាងតិច៩ សំឡេង ហើយគ្មានការប្រើប្រាស់សិទ្ធិវ៉េតូដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង ឬអង់គ្លេស។
លោក Mansour បាននិយាយថា រដ្ឋមន្ត្រីអារ៉ាប់ មានផែនការធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ទី៧ ខែធ្នូនេះ ហើយនឹងពិភាក្សាអំពីចំណាត់ការនេះជាមួយមន្ត្រីសហរដ្ឋអាមេរិក។ លោកបានប្រាប់អ្នកសារព័ត៌មានថា «នៅលើរបៀបវារៈ គឺ សង្រ្គាមនេះត្រូវតែបញ្ឈប់។ បទឈប់បាញ់ ត្រូវតែកើតមានឡើង ហើយវាត្រូវតែកើតឡើងភ្លាមៗ។