លោក Carlos Queiroz បានសំរេចចែកផ្លូវគ្នាហើយជាមួយក្រុមជម្រើសជាតិកាតា ស្របពេលដែលនៅសល់ត្រឹម ១ ខែទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ី។
អតីតអ្នកចាត់ការ Real Madrid និងព័រទុយហ្កាល់រូបនេះ ទទួលបានតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកាតាកាលពីខែកុម្ភៈ និងចុះហត្ថលេខារយៈពេល ៤ ឆ្នាំជំនួសលោក Felix Sanchez។

លោក Carlos Queiroz បានដឹកនាំកាតាឈ្នះអាហ្វហ្គានីស្ថាន និង ឥណ្ឌា ពីរប្រកួតដំបូង នៃការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០២៦ ជុំទី ២ ខណៈកាតាកំពុងស្វែងរកការបង្ហាញខ្លួននៅ World Cup លើកទី ២។
ចំណែកឯព្រឹត្តិការណ៍បាល់ទាត់អាស៊ីវិញ កាតាគឺជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីលោក Felix Sanchez ដឹកនាំក្រុមឈ្នះជើងឯកកាលពីឆ្នាំ ២០១៩ ខណៈដែលពួកគេនឹងត្រូវការពារជើងឯកក្នុងនាមជាម្ចាស់ផ្ទះស្ថិតក្នុងពូលជាមួយ ចិន តាជីគីស្ថាន និង លីបង់។
សូមបញ្ជាក់ថា កាតាទទួលសិទ្ធិរៀបចំជើងឯកទ្វីបអាស៊ីនេះ បន្ទាប់ពីចិនបានដកខ្លួន៕ អត្ថបទ៖នាង សុភាវុធ
