កងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន នឹងបន្តផ្អាកការប្រើប្រាស់យន្តហោះ Ospreys ចំនួន១៤គ្រឿង បន្ទាប់ពីការធ្លាក់យន្តហោះCV-22 នៅប្រទេសជប៉ុន មកពីមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក បណ្តាលឲ្យមានមនុស្សស្លាប់។

យន្តហោះដឹកជញ្ជូន១៤គ្រឿង ត្រូវបានដាក់ពង្រាយយ៉ាងប្រុងប្រយ័ត្ន នៅជំរំ Kisarazu ក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ។ កងកម្លាំងស្វ័យការពារជើងគោករបស់ជប៉ុន បច្ចុប្បន្នកំពុងពិនិត្យមើលយន្តហោះ Ospreys ដើម្បីបញ្ជាក់ពីសុវត្ថិភាពរបស់វា។
ក្រសួងការពារជាតិជប៉ុន បាននិយាយថា យោធាសហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ Osprey សរុបចំនួន៣០គ្រឿងនៅក្នុងប្រទេសជប៉ុន គិតមកត្រឹមចុងខែវិច្ឆិកា។ ៦គ្រឿងក្នុងចំណោមយន្តហោះទាំងនេះជាប្រភេទ CV-22 ដែលធ្វើប្រតិបត្តិការដោយកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ហើយត្រូវបានដាក់ពង្រាយ នៅមូលដ្ឋានទ័ពអាកាស Yokota របស់អាមេរិក ក្នុងទីក្រុងតូក្យូ។

យន្តហោះទាំងនេះ បូករួមទាំងយន្តហោះមួយគ្រឿងដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅជិតកោះ Yakushima ក្នុងប្រទេសជប៉ុនភាគនិរតីកាលពីថ្ងៃទី២៩ ខែវិច្ចិកា។ រីឯ២៤គ្រឿងផ្សេងទៀត ជាប្រភេទយន្តហោះ MV-22 ដែលចតនៅ ស្ថានីយ៍ដែនអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក នៅខេត្ត Okinawa ប្រទេសជប៉ុនភាគនិរតី។