ទីបំផុតអ្នកចាត់ការ Unai Emery បានស្គាល់ជ័យជំនះដំបូងទៅលើលោក Pep Guardiola បន្ទាប់ពី Aston Villa យកឈ្នះ Manchester City ១-០ យប់មិញនៃក្របខណ្ឌ English Premier League។
គ្រាប់បាល់ជ័យជំនះរបស់ Aston Villa សម្រេចបានដោយ Leon Bailey នៅនាទីទី ៧៤ ដែលធ្វើឱ្យ Aston Villa ឡើងមកលេខ ៣ ក្នុងតារាង ខណៈ Manchester City មិនស្គាល់ឈ្នះ ៤ ប្រកួតជាប់គ្នានៅ Premier League ជាលើកដំបូងក្នុងរយៈពេលជាង ៧ ឆ្នាំចុងក្រោយនេះ។
ជាការប្រកួតដ៏អស្ចារ្យមួយរបស់ Aston Villa ក្រោមការដឹកនាំរបស់លោក Unai Emery ដោយ Aston Villa មានសាច់បាល់គ្រប់គ្រងត្រឹម ៤៦% មែនតែមានឱកាសស៊ុត ២២ លើកចំគោលដៅ ៧ លើក សម្រេចទី ១ គ្រាប់ខណៈដែល Manchester City ដែលអវត្តមានកីឡាករមួយចំនួនដោយសារជាប់ពិន័យនោះមានឱកាសគ្រប់គ្រងបាល់ ៥៤% តែស៊ុតបានត្រឹម ២ លើក ចំគោលទាំងពីរ តែមិនអាចសម្រេចទីបាន។
រំលឹកថាលោក Unai Emery មានប្រវត្តិដឹកនាំក្រុមទល់នឹងក្រុមរបស់លោក Pep Guardiola សរុប ១៤ ប្រកួតហើយគិតមកដល់ពេលនេះ ហើយនេះជាជ័យជំនះដំបូង ធ្លាប់ស្មើ ៤ ប្រកួត និងចាញ់ ៩ ប្រកួត។
ងាកមកការប្រកួតនៅទឹកដី Old Trafford ក្រុមម្ចាស់ផ្ទះ Manchester United រកបានបីពិន្ទុដ៏មានសារសំខាន់ក្រោយយកឈ្នះក្រុមតោខៀវ Chelsea ២-១។
Bruno Fernandes ខកខានស៊ុតបាល់ ១១ ម៉ែត្រមិនបានសំរេច មុនពេលដែល Scott McTominay រកបានគ្រាប់នាំមុខនៅនាទីទី ១៩ តែ Cole Palmer តាមស្មើឱ្យ Chelsea វិញនៅចុងវគ្គទី ១។
ខ្សែបម្រើស្កុតឡេន McTominay ដដែលគឺជាអ្នកសំរេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៦៩ ធ្វើឱ្យក្រុមរបស់លោក Erik ten Hag ឡើងមកលេខ ៦ មាន ២៧ ពិន្ទុខណៈ Chelsea ឈរលេខ ១០ មាន ១៩ ពិន្ទុ។
Arsenal បន្តនាំមុខគេមាន ៣៦ ពិន្ទុដាច់ក្រុមលេខ ២ Liverpool ២ ពិន្ទុបន្ទាប់ពីក្រុមរបស់លោក Jurgen Klopp យកឈ្នះនៅទឹកដី Sheffield United ២-០ ដោយគ្រាប់បាល់របស់ Virgil van Dijk និង Dominik Szoboszlai៕ អត្ថបទ៖នាង សុភាវុធ
